(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg នៅថ្ងៃពុធសប្តាហ៍នេះ បានបង្ហើបថា បណ្តាញសង្គម Threads របស់ខ្លួន ដែលជាកម្មវិធីមួយភ្ជាប់ជាមួយ Instagram នោះ មានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ១៧៥ លាននាក់។ ការបង្ហើបបែបនេះរបស់លោក Mark Zuckerberg ធ្វើឡើងមុនពេលខួបមួយឆ្នាំនៃការដាក់ដំណើរការបណ្តាញសង្គមមួយនេះ។ នេះបើតាមយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

បណ្តាញសង្គម Threads ដែលត្រូវបានគេដឹងថាជាគូប្រជែងជាមួយបណ្តាញសង្គម X របស់ Elon Musk នោះ បានដាក់ដំណើរការនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ហើយតាមការចេញផ្សាយរបស់ Quiver Quantitative បានរាយការណ៍ថា ក្នុងរយៈពេលត្រឹមតែ ៤ថ្ងៃ ចាប់តាំងពីវេទិកា Threads បានបង្ហាញខ្លួនជាលើកដំបូង បណ្ដាញសង្គមថ្មីរបស់ក្រុមហ៊ុន Meta មួយនេះ មានអ្នកចូលប្រើប្រាស់ច្រើនជាង ១០០លាននាក់ទៅហើយ។

គួរជម្រាបថា Threads មិនមានការផ្សាយពាណិជ្ជកម្មទេ ហើយដូច្នេះទើបបណ្តាញសង្កមមួយនេះមិនបានរកចំណូលអ្វីធំដុំដល់ Meta។ Threads ត្រូវបានគេរាយការណ៍ថា មិនខុសគ្នាពីបណ្តាញសង្គម X ប៉ុន្មាននោះទេ ខណៈវានៅត្រូវការការធ្វើបច្ចុប្បន្នភាពថែមទៀត ស្របពេលដែលលោក Elon Musk កំពុងព្រមានដាក់បណ្ដឹងចោទប្រកាន់ Threads ពីបទលួចអាថ៌កំបាំងពាណិជ្ជកម្ម និងជួលអតីតបុគ្គលិករបស់ X ដែលពីមុនមានឈ្មោះថា Twitter៕

http://image.freshnewsasia.com/2021/id-132/fn-2024-07-04-10-42-35-4.JPG