(ម៉ូនិច)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានកំពុងស៊ើបអង្កេតទៅលើសកម្មភាពអបអរគ្រាប់បាល់ចូលទីរបស់កីឡាករ Merih Demiral បែបសត្វចចក ពេលប្រកួតឈ្នះអូទ្រីសនៅ Euro 2024 កាលពីរាត្រីថ្ងៃអង្គារម្សិលមិញ។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា UEFA បានកំពុងបើកការស៊ើបអង្កេត និងវិភាគទៅលើកាយវិការអបអរសាទររបស់ខ្សែការពារ Demiral បន្ទាប់ពីបំប៉ោងសំណាញ់អូទ្រីសរួចមក នៅពេលកីឡាករវ័យ ២៦ឆ្នាំរូបនេះរកបានគ្រាប់ជ័យជម្នះទាំង ២គ្រាប់តែម្តង ក្នុងការជួយតួកគីឈានទៅវគ្គ ៨ក្រុមជាបន្តទៀត។

ខ្សែការពារដែលត្រូវបានជ្រើសរើសចេញពីក្លិបអាជីព Al-Ahli បានបញ្ចេញកាយវិការអបអរគ្រាប់បាល់ទី២ របស់គេរបៀប «សត្វចចកសំពះ» (wolf salute) ដែលត្រូវបានគេមើលឃើញថា ក្នុងន័យឌឺដងឱ្យក្រុមជ្រុលនិយម Grey Wolves ដែលមានទំនាក់ទំនងជាមួយគណៈបក្សដឹកនាំរដ្ឋាភិបាលតួកគីបច្ចុប្បន្នគឺ National Movement Party។

ករណីស៊ើបអង្កេតនេះដែរ គឺអនុលោមទៅតាមមាត្រាទី ៣១(៤) ស្តីអំពីការបង្ហាញអាកប្បកិរិយាមិនសមរម្យរបស់ Demiral ស្របពេលកាយវិការនេះដែរ ត្រូវបានហាមឃាត់នៅអូទ្រីស និងបារាំងដូចគ្នា គ្រាដែល Demiral បានចាត់ទុកថា គឺជាការអបអរចេញពីចិត្ត និងមានការគ្រោងទុកមុនទៀតផង៕