(វ៉ាស៊ីនតោន)៖ ប្រធានក្រុមអាហ្សង់ទីន Lionel Messi កំពុងមានបញ្ហារបួសក្រលៀន មុនជំនួបទល់នឹងអេក្វាទ័រ វគ្គ ៨ក្រុមចុងក្រោយស្អែកនេះ គ្រាដែលតារាជើងស៊ុត Vinicius Junior ខកខានជួយប្រេស៊ីល លេងទល់នឹងអ៊ុយរ៉ូហ្គាយ ដោយសារជាប់បម្រាម។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា កីឡាករវ័យ ៣៦ឆ្នាំ Messi បានវិលទៅហ្វឹកហាត់ជុំគ្នាជាមួយក្រុមវិញហើយ ដើម្បីជួយក្រុមជើងឯក World Cup 2022 អាហ្សង់ទីនធ្វើដំណើរបានវែងឆ្ងាយទៀតក្នុងពាន Copa America 2024 ដែលមានអាមេរិកធ្វើម្ចាស់ផ្ទះ។

តែយ៉ាងណាសំណួរដ៏ធំនៅតែបន្តចោទសួរថាតើ Messi នឹងនៅតែចូលលេងបាន ឬយ៉ាងណាពេលប៉ះគូប្រជែងមកពីតំបន់អាមេរិកឡាទីនដូចគ្នា អេក្វាទ័រ ជាក្រុមដែលពួកគេទើបបានយកឈ្នះ ១-០ ក្នុងមិត្តភាពកាលពីខែមិថុនាកន្លងទៅថ្មីៗនេះ?

វាក៏ជាលើកដំបូងផងដែរសម្រាប់កីឡាករពាក់លេខ១០ Messi ដែលបានខកខានរកគ្រាប់បាល់ក្នុងវគ្គចែកពូលនៅពាន Copa នៅពេលជួយអាហ្សង់ទីនឈ្នះកាណាដា និងឈីលី មុនអវត្តមានពេលជួបប៉េរូ ដោយសាររបួសក្រលៀន។

ដោយឡែកសម្រាប់ខ្សែប្រយុទ្ធ Vinicius Jr នឹងខកខានជួយសាំបាប្រេស៊ីល ប៉ះក្រុមខ្លាំងអ៊ុយរ៉ូហ្គាយ ក្នុងវគ្គ ៨ក្រុម Copa America 2024 ដោយសារទទួលបានកាតលឿង ២លើក ក្នុងចំណោម ៣ប្រកួតប្រចាំពូល D របស់ប្រេស៊ីល ក្នុងនាមជាក្រុមជើងឯករងកាលពីឆ្នាំ២០២១ ផងដែរ។

Vinicius គឺជា Top scorer របស់សាំបានៅ Copa America លើកនេះដែលស៊ុតបាន ២គ្រាប់ ស្របពេលមិត្តរួមជាតិ Rodrygo ដែលត្រូវបានជ្រើសរើសចេញពីក្លិប Real Madrid ជាមួយគ្នា រកមិនទាន់បាន ១គ្រាប់នៅឡើយ៕