(បរទេស)៖ ឯកសារនិយតកម្មបានបង្ហាញថា ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos គ្រោងនឹងលក់ភាគហ៊ុនមានតម្លៃជិត ៥ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនអេឡិចត្រូនិកយក្ស។ ការប្រកាសនេះ កើតឡើងនៅពេលដែលភាគហ៊ុនបានឡើងដល់កម្រិតខ្ពស់បំផុត ២០០.៤៣ដុល្លារក្នុងមួយហ៊ុនក្នុងអំឡុងពេលវគ្គជួញដូរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

យោងតាមការចេញផ្សាយបានឱ្យដឹងថា លោក Jeff Bezos បានដាក់សំណើរទៅកាន់ SEC ដើម្បីលក់ភាគហ៊ុន Amazon ប្រមាណ ២៥លានហ៊ុន។ ទោះបីជាមានការគ្រោងទុកការលក់នេះក៏ដោយរបាយការណ៍បានគូសបញ្ជាក់ថា លោក Bezos នឹងនៅតែរក្សាភាគហ៊ុនប្រមាណ ៩១២លានហ៊ុន ដែលស្មើនឹង ៨.៨ភាគរយ នៃភាគហ៊ុនដែលនៅសល់របស់ Amazon ។ យ៉ាងណាមិញ កាលពីដើមឆ្នាំនេះ ក្នុងខែកុម្ភៈ Bezos ក៏បានលក់ភាគហ៊ុនដែលមានតម្លៃប្រហែល ៨.៥ ពាន់លានដុល្លារផងដែរ បន្ទាប់ពីភាគហ៊ុនរបស់ Amazon បានហក់ឡើងខ្ពស់ ៨០ភាគរយក្នុងឆ្នាំ ២០២៣។

យោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា បច្ចុប្បន្ន Bezos គឺជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទីពីររបស់ពិភពលោក ដែលមានទ្រព្យសម្បត្តិសរុបចំនួន ២១៤ពាន់លានដុល្លារ។ ក្រៅពីក្រុមហ៊ុន Amazon លោក Bezos ក៏ជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ Blue Origin ដែលបានបញ្ជូននាវិក ៦ នាក់ដោយជោគជ័យទៅកាន់ទីអាវកាសក្នុងខែឧសភា ឆ្នាំ ២០២៤។

គួរជម្រាបដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងជាង ៣០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលដំណើរការលើសពីសន្ទស្សន៍ Dow Jones Industrial Average ដែលព្យាករណ៍ថាកើនឡើងត្រឹមតែ ៤ភាគរយប៉ុណ្ណោះ៕