(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហ័ន្ធកីឡាវាយសីកម្ពុជា បានកំណត់ការងារអាទិភាព ៦ចំណុច ដែលត្រូវសម្រួចការអភិវឌ្ឍវិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើន និងដណ្ដើសមិទ្ធផលថ្មីៗជូនជាតិបន្ថែមក្នុងអាណត្ដិថ្មី បន្ទាប់ពីសម្រេចបានជោគជ័យជាប្រវត្តិសាស្ដ្រក្នុងអាណត្តិចាស់ ដោយការដណ្ដើមបានមេដាយមាស ស៊ីហ្គេមលើកដំបូង កាលពីឆ្នាំ២០២៣។

ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៧ បន្ដអាណត្ដិទី៨ ឆ្នាំ២០២៤-២០២៨ របស់សហព័ន្ធកីឡាវាយសីកម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នាល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ស្របពេលោក លី កុសល ត្រូវបានសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បោះឆ្នោតគាំទ្របន្ដធ្វើប្រធានសហព័ន្ធ អាណត្តិថ្មីទៀត។ មហាសន្និបាតនេះ ក៏មានការចូលរួមជាសក្ខីភាពពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាង NOCC ផងដែរ។

ឆ្លងកាត់ការដឹកនាំសហព័ន្ធជាច្រើនអាណត្តិកន្លងមក លោក លី កុសល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគណៈប្រតិបត្តិសហព័ន្ធ បណ្ដាសមាគម/ក្លិប កីឡាករ-កីឡាការិនី និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង និងចូលរួមពួតដៃជាមួយសហព័ន្ធ រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ ដែលកីឡាវាយសីកម្ពុជា បានសម្រេចសន្ទស្សន៍មេដាយមាស ១គ្រឿង ក៏ដូចជាការដណ្ដើមបានមេដាយពីព្រឹត្តិការណ៍អន្ដរជាតិជាហូរហែទៀត ក្នុងអាណត្តិទី៧។

លោកបន្ដថា ការសម្រេចបាននូវសមិទ្ធផលជាចប្រវត្តិសាស្ដ្រ នៃការឈ្នះមេដាយមាសស៊ីហ្គេមលើកដំបូងនេះ មិនមែនជារឿងចៃដន្យនោះទេ ពោលគឺកើតឡើងដោយការខិតខំប្រឹងពីគ្រប់ភាគីពាក់ព័ន្ធ ដោយអនុវត្តតាមផែនការយុទ្ធសាស្ដ្រច្បាស់លាស់របស់សហព័ន្ធ។ ការណ៍នេះក្នុងអាណត្តិថ្មី ក៏មិនខុសគ្នាដែរ ដោយលោកបានស្នើឲ្យក្បាលម៉ាស៊ីនសហព័ន្ធ បន្ដការយកចិត្តទុកដាក់ ពិសេសលើការងារបណ្ដុះបណ្ដាលធនធានកីឡាករ ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ដូចជាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃជាដើម។

តាមរយៈនេះ លោក លី កុសល បានប្ដេជ្ញាចិត្តនឹងជំរុញការអភិវឌ្ឍវិស័យកីឡាវាយសីកម្ពុជា ឲ្យកាន់តែរីកចម្រើន និងមានសក្ដានុពលកាន់តែខ្លាំង ទាំងលើឆាកជាតិ និងអន្ដរជាតិ ដោយផ្ដោតលើការងារអាទិភាព ៦ចំណុចរួមមាន៖

១៖ ប្តេជ្ញាសាមគ្គីភាពឯកផ្ទៃក្នុងរបស់គណៈកម្មាធិកាប្រតិបត្តិ ដែលជាក្បាលម៉ាស៊ីនដឹកនាំឱ្យកាន់តែរឹងមាំបន្ថែមទៀត។
២៖ ខិតខំស្វែងរកប្រភពចំណូល ដើម្បីជួយឧបត្ថម្ភដល់កីឡាករ និងកីឡាការិនីសម្រាប់ការហ្វឹកហាត់ និងការប្រកួតក្រៅពីថវិកាឧបត្តម្ភរបស់ក្រសួងអប់រំយុវជន និងកីឡា។
៣៖ ខិតខំស្វែងរកគ្រូបរទេសបង្ហាត់បង្ហាត់ដល់កីឡាករ កីឡាការិនី ដើម្បីទទួលបានបច្ចេកទេសល្អៗបន្ថែមទៀត។
៤៖ បង្កើនទំនាក់ទំនងស្អិតរមួតជាមួយក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបញ្ជូនហ្វឹកហាត់រៀនសូត្រនៅក្រៅប្រទេសសម្រាប់ទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីបន្ថែមសក្កានុពលពីបណ្តាប្រទេសជឿនលឿនដូចជាប្រទេសចិន និងកូរ៉េជាដើម។
៥៖ បង្កើនទំនាក់ទំនងអន្តរជាតិ ឱ្យកាន់ស្អិតរមួតជាមួយបណ្តាប្រទេសដៃគូ។
៦៖ ខិតខំកៀគរស្វែងរកថវិកាទិញសំបុត្រយន្តហោះ សម្រាប់កីឡាករ-កីឡាការិនី ចេញទៅប្រកួតនៅក្រៅប្រទេស ដែលជាការពង្រឹងសមត្ថភាពដ៏សំខាន់ដល់កីឡាករ-កីឡាការិនី ក្នុងការត្រៀមខ្លួនប្រជែងដណ្តើមមេដាយជូនកម្ពុជា ចំពោះការប្រកួតកម្រិតតំបន់ ទ្វីបអាស៊ី និងពិភពលោក។

សម្រាប់សមាសភាពក្បាលម៉ាស៊ីនរបស់សហព័ន្ធ ក្នុងអាណត្ដិទី៨ ក្រៅពីលោក លី កុសល ជាប្រធាន គឺមានលោក កុសល សុវណ្ណវិសាល និងលោក ជាម សុភា ជាអនុប្រធាន។ លោក កែវ រស់ ជាអគ្គលេខាធិការ អមជាមួយអគ្គលេខាធិការរង ២រូប គឺមានលោក ចេង ញ៉ាន់ និងលោកស្រី កុសល សុវណ្ណមរកត។ លោក កេង ភីរ៉ា ជាអគ្គហិរញ្ញិក និងសមាជិក ២រូប មានលោក សុខ ប៉ាង និងលោក ម៉ុក សារឿន។

ឆ្លៀតឱកាសនោះដែរ ប្រធានសហព័ន្ធខាងលើ ក៏បានផ្ដល់ប្រាក់ឧបត្ថម្ភដែលទទួលបានពីការកៀគរពីសប្បុរសជន ជូនដល់កីឡាករ-កីឡាការិនីជយលាភីផងដែរ ដោយម្ចាស់មេដាយ ១៤គ្រឿង (ប្រាក់ ៤ និងសំរឹទ្ធ ១០) នៃការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៤ឆ្នាំ និង ១៧ឆ្នាំ ចំនួន ១០នាក់ ក្នុងម្នាក់ៗទទួលបាន ១លានរៀល និងកីឡាករ-កីឡាការិនីជនមានពិការភាព ៧នាក់ ក្នុងម្នាក់ៗទទួលបាន ២០ម៉ឺនរៀលផងដែរ៕