(បរទេស)៖ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានបង្ហាញរបាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD និងវ៉ាដាច់ក្រុមហ៊ុនលំដាប់ខ្នាតយក្ស Tesla ដំណ្តើមបានតំណែងកំពូល តាមរយៈការលក់រថយន្តអគ្គិសនីនៅក្នុងឆ្នាំនេះ។ Tesla បានរក្សាតំណែងរបស់ខ្លួនជាច្រើនទសវត្សរ៍មកហើយ ជាអ្នកផលិតរថយន្តអគ្គិសនីសុទ្ធ (EV) ដ៏ធំបំផុតរបស់ពិភពលោក និងបានយកឈ្នះលើការព្យាករណ៍នៃការលក់ក្នុងអំឡុងខែមេសា ដល់ ខែមិថុនា ប៉ុន្តែការនាំមុខរបស់ខ្លួនលើគូប្រជែងហាក់កំពុងរួមតូច ខណៈដែលក្រុមហ៊ុនផលិតរបស់ចិនផ្ទុះការគាំទ្រកាន់តែខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ CNBC។

អ្នកវិភាគ Counterpoint បាននិយាយនៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃអង្គារថា «ការផ្លាស់ប្តូរនេះបញ្ជាក់ពីការវិវឌ្ឍតាមពេលវេលា នៃទីផ្សាររថយន្តអគ្គិសនី (EV) សកល»។ នៅក្នុងត្រីមាសទី២ ចំនួននៃការលក់អាគុយរថយន្តអគ្គិសនី (battery EV) របស់ក្រុមហ៊ុន BYD បានកើនឡើងជិត ២១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ៤២៦,០៣៩គ្រឿង នេះបើយោងតាមការគណនារបស់ CNBC។ ដោយឡែកចំពោះការចែកចាយនៅត្រីមាសទី២ ដូចគ្នារបស់ Tesla បានធ្លាក់ចុះ ៤.៨ភាគរយមកនៅត្រឹម ៤៤៣,៩៥៦គ្រឿង។

យោងតាមរបាយការណ៍កាលពីឆ្នាំមុន ផលិតកម្មសរុបរបស់ BYD ដែលរួមមានរថយន្តអគ្គិសនីសុទ្ធ ក៏ដូចជារថយន្តកូនកាត់មានចំនួនច្រើនជាង ៣លានគ្រឿង និងលើសពីតួរលេខផលិតកម្មរបស់ក្រុមហ៊ុន Tesla ប្រមាណ ១.៨៤លានគ្រឿងក្នុងរយៈពេលពីរឆ្នាំជាប់គ្នា។ ប្រភពពី Counterpoint ដដែលបាននិយាយថាប្រទេសចិន «គឺជាកម្លាំងដ៏លេចធ្លោបំផុតនៅក្នុងទីផ្សាររថយន្តអគ្គិសនី» ជាមួយនឹង BYD នាំមុខគេ។ បើតាមការប៉ាន់ប្រមាណ ការលក់រថយន្តអគ្គិសនីរបស់ប្រទេសចិននឹងមានការកើនឡើងចំនួន ៤ដងនៃរថយន្តអាមេរិកក្នុងឆ្នាំនេះ។

គួរជម្រាបដែរថា ប្រទេសចិនត្រូវបានគេរំពឹងថា នឹងបន្តកាន់កាប់ចំណែកទីផ្សារច្រើនជាង ៥០ភាគរយ នៃការលក់រថយន្តអគ្គិសនីទូទាំងពិភពលោករហូតដល់ឆ្នាំ២០២៧។ មិនត្រឹមតែប៉ុណ្ណោះចំនួននៃការលក់រថយន្តអគ្គិសនីរបស់ចិនត្រូវបានគេព្យាករណ៍ថា នឹងលើសពីការលក់រួមគ្នានៃអាមេរិក និងអឺរ៉ុបនៅឆ្នាំ២០៣០ នេះបើយោងតាម Counterpoint៕