(ភ្នំពេញ)៖ ព្រឹត្តិការណ៍វាយកូនបាល់ Davis Cup Asia/Oceania Group IV ឆ្នាំ២០២៤ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះលើកដំបូង នឹងមកដល់ ពោលគឺនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១០-១៣ ខែកក្កដា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈពិធីបើក នឹងមានការអញ្ជើញចូលរួមជាអធិបតីភាពពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។

នេះបើតាមការបញ្ជាក់របស់លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ស្របពេលមន្ដ្រីជាន់ខ្ពស់សហព័ន្ធរូបនេះ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះក្រុមជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជា ក្នុងការប្រជែងកៅអីកម្រិត៣ (Group III) ត្រឡប់មកវិញឲ្យខានតែបាន ក្នុងនាមម្ចាស់ផ្ទះការប្រកួត Davis Cup Asia/Oceania Group IV ឆ្នាំ២០២៤ នាសប្ដាហ៍ក្រោយ។

លោកបន្ដថា ក្នុងនាមម្ចាស់ផ្ទះការប្រកួតពានរង្វាន់ពិភពលោកលើកដំបូង សហព័ន្ធត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំដំណើរការប្រកួត ទាំងការងារបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងការទទួលបដិសណ្ឋារកិច្ច ចំពោះក្រុមប្រតិភូកីឡាវាយកូនបាល់ មកពី ៧ប្រទេសផ្សេងទៀត ដែលនឹងត្រូវប្រជែងកៅអីកម្រិត៣ នៃព្រឹត្តិការណ៍ Davis Cup Asia/Oceania ជាមួយម្ចាស់ផ្ទះកម្ពុជា។ ចំពោះកីឡាករកម្ពុជា សហព័ន្ធក៏បានត្រៀរួចរាល់ ដើម្បីស្វាគមន៍ការប្រកួតដ៏អស្ចារ្យនេះផងដែរ។

ចំពោះក្រុមកីឡាវាយកូនបាល់ ៨ប្រទេស ដែលនឹងត្រូវប្រកួត Davis Cup លើកដំបូងនៅកម្ពុជានេះ រួមមានម្ចាស់ផ្ទះម្ចាស់ផ្ទះកម្ពុជា មីយ៉ាន់ម៉ា គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន អ៊ីរ៉ាក់ ស្រីលង្កា កាតា និងអារ៉ាប់រួម ដែលត្រូវបែងចែកជា ២ពូល (ពូល A និងពូល B) ដោយក្នុងមួយពូលមាន ៤ក្រុម។ រីឯការប្រកួត ត្រូវអនុវត្តតាមទម្រង់វិលជុំជាមួយនឹងការប្រកួតវាយឯកត្តជន ២ប្រកួត និងការប្រកួតវាយគូ ១ប្រកួត ហើយប្រទេសមានចំណាត់ថ្នាក់កំពូលនៃពូលនីមួយៗ នឹងទទួលបានកៅអីកម្រិត៣ ឬ Davis Cup Asia/Oceania Group III ឆ្នាំ២០២៥។

អគ្គលេខាធិការសហព័ន្ធខាងលើបានបង្ហាញជំនឿចិត្ដយ៉ាងមុតមាំ លើក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជាថា ពួកគេនឹងធ្វើបានល្អក្នុងការប្រកួតនេះ។ ការបង្ហាញសុទិដ្ឋិនិយមបែបនេះ បន្ទាប់ពីសហព័ន្ធបានយកចិត្តទុកដាក់លើការប្រមូលផ្ដុំហ្វឹកហាត់ និងការប្រកួតរបស់ពួកគេនាពេលកន្លងមក ក្រោយចម្រាញ់បានអ្នកខ្លាំង ក្នុងចំណោមអ្នកខ្លាំង ដែលត្រូវទទួលភារកិច្ចដ៏សំខាន់លើទឹកដីរបស់ខ្លួន ក្នុងនោះមានកីឡាករ ប៊ុន កេន្នី, ទេព ទីម៉ូធី, ឡេង សារិនរាជ, ឃ្លាំង ពន្លក និងកីឡាករ Mathew Crusling។

ទន្ទឹមជាមួយគ្នា លោក ទេព រិទ្ធិវិទ្ធ ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដៃគូសហការទាំងអស់ ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់សហព័ន្ធ ដើម្បីជំរុញឲ្យការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិនេះ នឹងប្រព្រឹត្តទៅកាន់តែរលូន និងទទួលបានជោគជ័យ។

សូមរំឮកថា ក្រុមកីឡាវាយកូនបាល់កម្ពុជា បានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួត Davis Cup Asia/Oceania Group IV កាលពីឆ្នាំ២០១២ នៅប្រទេសកាតា។ ការបង្ហាញខ្លួនលើកដំបូងរបស់កម្ពុជា បានបង្កើតប្រវត្តិសាស្ត្រ ខណៈដែលកម្ពុជាបានយកឈ្នះលើការប្រកួតទាំងមូល ដោយទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួត ដែលបានឡើងទៅប្រកួតក្នុងក្រុម៣ Asia/Oceania Group III នៅឆ្នាំ២០១៣ និងបានចូលរួមប្រកួតពានរង្វាន់ពិភពលោកនេះជាបន្តបន្ទាប់រៀងរាល់ឆ្នាំ៕