(កំពត)៖ លោកឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ថ្នាក់ជាតិ បានដឹកនាំក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា អញ្ចើញចូលរួមអបអរសាទរ ក្នុងកម្មវិធីសម្ពោធសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប ក្រោមការចូលរួមពីលោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

ក្នុងនោះក៏មាន​ការចូលរួមពីលោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប, លោក ពេញ ធារម្យ អភិបាលរងនៃគណៈអភិបាលខេត្តកំពត និងលោក ឃឹម ប៊ុនឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប។

ឧកញ៉ា ប៉ិច ប៉ូឡែន បានថ្លែងកោតសសើរដល់លោក ឃឹម ប៊ុនឡែន ដែលបានខំប្រឹងប្រែង កៀងគរសមាជិកក្រុមប្រឹក្សាភិបាល ដែលជាធនធានចម្បងដ៏សំខាន់ សម្រាប់ជួយជ្រោមជ្រែងបង្កើតឱ្យមានសាខាខេត្តកំពត-កែបនេះឡើង ដោយមានសមាជិក សមាជិកា អ្នកគាំទ្រ និងសកម្មភាពការងារមួយចំនួនគួរឱ្យកត់សម្គាល់។ សមិទ្ធផលទាំងអស់នេះគឺទទួលបានដោយសារភាពជាអ្នកដឹកនាំ រួមជាមួយការប្តេជ្ញាចិត្តដ៏មុតមាំ ចំណេះដឹង និងសមត្ថភាពរបស់ថ្នាក់ដឹកនាំសមាគម ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន គ្រប់កម្រិតជាន់ថ្នាក់ និងការគាំទ្រពីស្ថាប័នជាដៃគូ ជាពិសេសគឺរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងស្ថាប័ននានា។

លោក ឃឹម ប៊ុនឡែន បានប្តេជ្ញាថានឹងជួយលើកកម្ពស់អាជីវកម្មនៅក្នុងខេត្តកំពត និងខេត្តកែបឲ្យមានដំណើរការកាន់តែល្អ ហើយក្នុងរយៈពេលបីឆ្នាំដំបូងនេះ សមាគមនឹងកៀរគរទុនវិនិយោគយ៉ាងហោច ឲ្យបាន១០លានដុល្លា ខណៈដែលអង្គការដៃគូ អាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មគាំទ្រ និងជួយសហការគ្រប់ពេលវេលា។

លោកបានបន្ថែមថា ដើម្បីចូលរួមចំណែកជំរុញដល់កំណើនសេដ្ឋ ពិសេសលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ខេត្តកំពត-កែប ថ្ងៃនេះសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានបង្កើតសាខាថ្មីរបស់ខ្លួន ក្នុងគោលបំណង់ជួយពង្រឹងសមត្ថភាពសមាជិក ផ្តល់ទុនវិនិយោគ ផ្តល់ចំណេះជំនាញបន្លែម ដើម្បីមានចក្ខុវិស័យវែងឆ្ងាយក្នុងការរក្សានិរន្តរភាពអាជីកម្មរបស់ខ្លួន។

សមាគមបានប្តេជ្ញាចិត្តថា នឹងជួយធ្វើឲ្យអាជីកម្មក្នុងខេត្តកំពត-កែប កាន់តែរីកចម្រើន ហើយក្នុងរយៈពេលបីឆ្នាំដំបូងនេះ សមាគមនឹងខិតខំកៀរគរទុនវិនិយោគនៅខេត្តកំពត-កែប ឲ្យបានយ៉ាងហោច១០លានដុល្លា។

លោក ម៉ៅ យ៉េ នាយកកម្មវិធី អង្គការ អេដ អេអាក់ស្យុងកម្ពុជា បង្ហាញការគាំទ្រថា អង្គការបានធ្វើការងារជាមួយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា រយៈពេល២ឆ្នាំកន្លងមក លើកការងារ៥ចំណុចធំៗ៖
១៖ បង្កើតសាខាសមគមន៍នៅតាមខេត្តតំបន់ឆ្នេរសមុទ្រទាំងបួន។
២៖ ការកសាងផែនការវិនិយោគ។
៣៖ ការងារណ្តុះបណ្តាលសហគ្រិនខ្នាតតូចនៅខេត្តតំបន់ឆ្នេរ។
៤៖ ផ្តល់ទន់វិនិយោគ។
៥៖ ផ្តល់ជំនាញដល់សមាជិកសមាគមដើម្បីឲ្យអាជីវកម្មដំណើរការទៅដោយជោគជ័យ និងថាអង្គការលោកគាំទ្រជានិច្ច។

លោក ពេញ ធារម្យ បានបង្ហាញក្ដីរីករាយជាពន់ពេក និងគាំទ្រចំពោះវត្តមានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប ព្រោះខាងផ្នែករដ្ឋ ដែលមានអភិបាលខេត្តលោកបានខិតខំអភិវឌ្ឍន៍ ខេត្ត បង្កើតកន្លែងកម្សាន្តទាក់ទាញជាច្រើន ធ្វើឲ្យមានកំណើនទេសចរហក់ឡើងខ្ពស់ រង់ចាំតែវិស័យឯកជន ពិសេសមាគមនសហគ្រិនវ័យក្មេងកម្ពុជា ក្នុងការជួយពង្រឹងដល់ក្រុមអាជីវករ សិប្បករ ឬសហគ្រាសខ្នាតតូច ឲ្យរឹងមាំ ដើម្បីទាញយកប្រយោជន៍ពីវិស័យទេសចរណ៍ ជួយជំរុញសេដ្ឋកិច្ចខេត្ត និងសេដ្ឋកិច្ចប្រជាពលរដ្ឋ។

លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជំរុញលើកទឹកចិត្តដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពតត្រូវរក្សាសាមគ្គីផ្ទៃក្នុងល្អ ខិតខំពេញការងាររបស់ខ្លួនឲ្យប្រសើរ ដើរតួជាដៃគូអភិវឌ្ឍន៍លើការងារវិនិយោគ ជាមួយរដ្ឋបាលខេត្តទាំងពីរ៕