(រ៉ូម)៖ លីគបាល់ទាត់កំពូលអ៊ីតាលី Serie A នឹងមាននិមិត្តសញ្ញាថ្មី (Logo) ដើម្បីកំណត់ពីការចាប់ផ្តើមការឧបត្ថម្ភដោយក្រុមហ៊ុនថាមពល Eni។ នេះបើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Enilive និងលីគ Serie A ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។

Enilive បានចុះកិច្ចព្រមព្រៀង កាលពីខែកុម្ភៈ ដើម្បីក្លាយជាម្ចាស់ឧបត្ថម្ភពានរង្វាន់លីគ Serie A រយៈពេល ៣រដូវកាល ដោយចាប់ផ្តើមពីរដូវកាលឆ្នាំ២០២៤-២០២៥។ ក្រុមហ៊ុននេះបានជំនួសក្រុមហ៊ុន Telecom Italia (TIM) ដែលជាម្ចាស់ឧបត្ថម្ភលីគនេះអស់រយៈពេលជាង ២ទសវត្សរ៍។

Logo ថ្មីនេះត្រូវបានបង្ហាញ ក្នុងព្រឹត្តិការណ៍មួយ ដែលធ្វើឡើងនៅយប់ថ្ងៃពុធ ក្នុងទីក្រុង Rome ដែលរួមបញ្ចូលគ្នា ដោយអក្សរ A តំណាងឱ្យពានរង្វាន់បាល់ទាត់ និងរូបសត្វឆ្កែ ដែលជារូបសញ្ញារបស់ក្រុមហ៊ុន Enilive។

Enilive ជាក្រុមហ៊ុនមានស្ថានីយប្រេងឥន្ធនៈចម្រុះ និងរោងចក្រចម្រាញ់ជីវឧស្ម័ន នៅប្រទេសអ៊ីតាលី និងនៅក្រៅប្រទេស។

​គួរបញ្ជាក់ថា ក្រុមហ៊ុន TIM ធ្លាប់បានចំណាយប្រាក់ឱ្យលីគ Serie A ប្រមាណ ២០លានអឺរ៉ូជាប្រចាំឆ្នាំ ដើម្បីភ្ជាប់ម៉ាកសញ្ញាក្រុមហ៊ុនរបស់ខ្លួន ជាមួយលីគកំពូលនេះ៕