(ឡុងដ៍)៖ កាំភ្លើងធំ Arsenal បានសម្រេចប្រើប្រាស់ជម្រើសចំណាយ ២៧លានផោន ដើម្បីទិញអ្នកចាំទីក្លិប Brentford កីឡាករ David Raya លេងជាអចិន្ត្រៃយ៍ ក្រោយពីការលេងខ្ចីជើងប្រកបដោយភាពជោគជ័យរបស់លោកនារដូវកាលមុន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។

Raya វ័យ ២៨ឆ្នាំ បានការពារមិនឱ្យមានគ្រាប់បាល់ចូលទី (Clean Sheets) ចំនួន ១៦ប្រកួត ក្នុងលីគ Premier League សម្រាប់ក្លិបកាំភ្លើងធំ Arsenal នាំឱ្យកីឡាកររូបនេះ ឈ្នះបានស្រោមដៃមាស (Golden Glove) ដោយមានគ្រាប់បាល់ចូលទី ត្រឹមតែ ១៦គ្រាប់ប៉ុណ្ណោះ ក្នុងយុទ្ធនាការមុន។

គួររំលឹកថា កាលពីខែសីហា ឆ្នាំមុន អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំ ជាមួយនឹង Brentford មុននឹងចូលរួមជាមួយកាំភ្លើងធំ ក្នុងលក្ខខណ្ឌខ្ចីជើង ១រដូវកាល។

​Raya ត្រូវបានកោះហៅចូលក្នុងក្រុម Euro 2024 របស់អេស្ប៉ាញ ប៉ុន្តែយ៉ាងណាមិញ លោកនៅស្ថិតពីក្រោយអ្នកចាំទីដៃទី១ Unai Simon។

Raya បានការពារទីមិនឱ្យមានគ្រាប់បាល់ចូលនោះទេ ក្នុងការបង្ហាញខ្លួនតែ ១លើកគត់របស់លោកក្នុងព្រឹត្តិការណ៍ Euro 2024 ទល់នឹងក្រុមអាល់បានី៕