(មេនឆេស្ទឺ)៖ លោក Erik ten Hag បានចុះកិច្ចសន្យាថ្មីជាមួយក្លិបបិសាចក្រហម Manchester United ដើម្បីបន្តការដឹកនាំរបស់លោកនៅកីឡដ្ឋាន Old Trafford រហូតដល់ឆ្នាំ២០២៦។ នេះបើតាមក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៤​ ខែកក្កដា ឆ្នាំ២០២៤។

មានការរំពឹងទុកថា លោកនឹងត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពី United បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៨ កាលពីរដូវកាលមុន ជាការបញ្ចប់ក្នុងកម្រិតទាបបំផុតមិនធ្លាប់មានពីមុនមក។

យ៉ាងណាមិញ តាមរយះជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលលើម្ចាស់ពានរង្វាន់ជើងឯក Manchester City ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup បានធ្វើឱ្យជីវិតការងាររបស់បុរសវ័យ ៥៤ឆ្នាំ Ten Hag នៅក្លិប United រស់ឡើងវិញ។

សូមជម្រាបថា កិច្ចសន្យាចាស់របស់លោក Ten Hag នឹងផុតកំណត់នៅពេលចប់រដូវកាល២០២៤-២០២៥៕