(បរទេស)៖ ដោយសារតែមិនចង់ឲ្យអ្នកប្រើប្រាស់រងចាំយូរ នៅពេលនេះក្រុមហ៊ុនផលិតរថយន្តអគ្គសិនីចិន Xiaomi បានប្រកាសដាក់គោលដៅថ្មី ដើម្បីបង្កើនសមត្ថភាពផលិតកម្មបន្ថែមទៀត សម្រាប់រថយន្តប្រភេទ SU7 របស់ខ្លួន ក្រោយទទួលបានការបញ្ជារទិញកាន់តែច្រើនឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Arena EV នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

អ្នកនាំពាក្យរបស់ Xiaomi បានប្រកាសយ៉ាងច្បាស់ថា សម្រាប់ការបង្កើនប្រសិទ្ធភាព និងសមត្ថភាពផលិតទៅលើរថយន្តអគ្គិសនីប្រភេទ SU7 គឺកំពុងបន្ត ហើយមិនត្រូវបានពន្យារពេលឡើយ ពោលអតិថិជននឹងទទួលបានរថយន្តក្នុងក្តីស្រមៃរបស់ពួកគេឆាប់ជាងការរំពឹងទុក។ ព្រោះថា Xiaomi កំពុងព្យាយាមគ្រប់វិធី ដើម្បីបំពេញតម្រូវការរថយន្តអគ្គិសនីដំបូងរបស់ខ្លួនតាំងពីពេលចាប់ផ្តើមផលិត និងចេញលក់ជាលើកដំបូង។ ចំពោះដំណើរការនៃការបង្កើនប្រសិទ្ធភាពផលិតនេះ ត្រូវបានក្រុមហ៊ុនចិនមួយនេះ ប្រកាសនៅថ្ងៃទី០៣ ខែកក្កដា ថ្មីៗនេះ ខណៈដំណើរការនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ផែនការរបស់ក្រុមហ៊ុន Xiaomi ក្នុងការពង្រីកផលិតកម្មបន្ថែមទៀត។

គួរជម្រាបថា Xiaomi បានចាប់ផ្តើមប្រើប្រាស់ទាំងបច្ចេកវិទ្យាកញ្ចប់អាគុយរបស់ក្រុមហ៊ុន CATL និង BYD ហើយកំពុងដំណើរការការងារ ដើម្បីធានាបាននូវការផលិតចំនួនទ្វេរដងក្នុងខែមិថុនា។ យោងតាមទិន្នន័យលក់ចុងក្រោយ ពេលនេះ Xiaomi បានធ្វើការនាំចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនបានចំនួនលើសគោលដៅដែលបានកំណត់ថា ដោយការនាំចេញបច្ចុប្បន្ន គឺបានចំនួនជាង១ម៉ឺនគ្រឿងក្នុងមួយខែ៕