(វ៉ាស៊ីនតោន)៖ ក្រុមការពារតំណែងជើងឯក អាហ្សង់ទីនបានឡើងទៅឈរចាំមុននៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ប្រចាំតំបន់អាមេរិកឡាទីន Copa America 2024 ជាបន្តទៀត ក្រោយទម្លាក់គូប្រជែងអេក្វាទ័រ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៤-២ នាព្រឹកមិញនេះ (ម៉ោងនៅកម្ពុជា) ស្របពេល Lionel Messi ទាត់ប៉េណាល់ទីបើកឆាកអត់ចូល។

នេះមានន័យថា ម្ចាស់ជើងឯកបាល់ទាត់ពិភពលោក World Cup 2022 ត្រូវរង់ចាំរវាងក្រុមឈ្នះវេណេហ្សូអេឡា ឬក៏កាណាដា ដែលពួកគេត្រូវលេងវគ្គ ៨ក្រុមនាម៉ោង ៨ព្រឹកស្អែកនេះ ដោយមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះ។

ក្នុងការប្រកួតពេញម៉ោង ៩០នាទី ដោយពុំមានការថែម ១៥នាទី ២ដងទេនោះ ពពកសអាហ្សង់ទីន ជាក្រុមរកបានគ្រាប់នាំមុខ ១គ្រាប់មុនតាំងពីវគ្គទី១ ពីការធ្វើបានដោយខ្សែការពារកណ្តាល Lisandro Martinez មកពីក្លិបអាជីព Manchester United នៅមុនពេលកីឡាករបម្រុងអេក្វាទ័រ Kevin Rodriguez ជាអ្នករកបានគ្រាប់តាមស្មើ ១-១ វិញចុងម៉ោង ដែលធ្វើឱ្យការទាត់បាល់ប៉េណាល់ទីកើតមានឡើង។

ជាលទ្ធផលក្នុងការទាត់ ៥គ្រាប់ក្នុង ១ក្រុម អាហ្សង់ទីនទាត់ចូល ៤គ្រាប់ ក៏ប៉ុន្តែគ្រាប់បើកឆាករបស់ប្រធានក្រុម Lionel Messi មិនចូលទេ ដ្បិតក្រុមមកពីតំបន់អាមេរិកឡាទីនជាមួយគ្នា អេក្វាទ័រទាត់ចូល ២គ្រាប់៕