(បរទេស)៖ ប្រភពពីអ្នកវិភាគស្មាតហ្វូនដ៏ល្បីល្បាញ Ice Universe បានឱ្យដឹងថា ក្រុមហ៊ុនចិន Xiaomi គ្រោងដាក់លក់ទូរស័ព្ទអេក្រង់បត់ Mix Fold4 ជាសកលក្នុងពេលឆាប់ៗខាងមុខនេះ។ ទូរស័ព្ទជំនាន់ថ្មីនេះ នឹងចេញមកជាមួយនឹងរូបរាងស្តើងជាងបើប្រៀបធៀបទៅនឹង Honor Magic V3 ដែលត្រៀមចេញលក់ និង Honor Magic V2 កម្រាស់ 9.9mm នៅពេលបត់។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

Xiaomi ត្រូវបានគេរំពឹងថានឹងប្រកាសចេញ Mix Fold4 ក្នុងពេលឆាប់ៗនេះ ដែលមានសក្តានុពលនៅដើមខែនេះនៅក្នុងប្រទេសចិន មុនពេលចេញលក់ជាសកល។ ទន្ទឹមនឹង Fold4 ក្រុមហ៊ុន Xiaomi ក៏នឹងណែនាំផងដែរនូវឧបករណ៍ដែលអាចបត់បាន clamshell ដំបូងរបស់ខ្លួនដែលមានឈ្មោះថា Mix Flip។

គួរជម្រាបដែរថា Mix Fold 4 នឹងក្លាយជាទូរស័ព្ទអេក្រង់បត់ដំបូងគេបង្អស់របស់ក្រុមហ៊ុនចិន Xiaomi ដែលមានដាក់លក់ជាអន្តរជាតិ។ ជុំវិញព័ត៌មានលម្អិតអំពីទូរស័ព្ទអេក្រង់បត់នេះ នៅមិនទាន់មានរបាយការណ៍ទូលំទូលាយនៅឡើយនោះទេ ប៉ុន្តែបើតាមរបាយការណ៍លេចធ្លាយខ្លះៗ Mix Fold4 នឹងមានតួខ្លួនស្តើងបំផុតដែលមានកម្រាស់តិចជាង 10mm នៅពេលបត់។ វាត្រូវបានបំពាក់ដោយអេក្រង់ AMOLED ដែលអាចបត់បានទំហំ ៨.២អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ 1914 x 2160 ភីកសែល អត្រា Refresh Rate 144Hz និងកម្រិតពន្លឺខ្ពស់បំផុត 1500nits ព្រមទាំងដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8 Gen3៕