(ឡុងដ៍)៖ ក្លិបកញ្ជ្រោងខៀវ Leicester City បានបរាជ័យពីការប្តឹងជំទាស់លីគកំពូលអង់គ្លេស Premier League ដែលត្រៀមដាក់ទណ្ឌកម្មពួកគេ រឿងហិរញ្ញវត្ថុកាលពីខែមីនា ឆ្នាំ២០៤។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ការប្តឹងជំទាស់នេះដែរ ត្រូវបានធ្វើឡើង បន្ទាប់ពីពួកគេដណ្តើមបានកៅអី១ ដើម្បីឡើងមកលេងនៅក្របខណ្ឌកំពូល Premier League នារដូវកាលឆ្នាំ២០២៤-២០២៥ វិញ ដែលនឹងចាប់ផ្តើមនាខែក្រោយនេះហើយ។

តែយ៉ាងណា ក្លិបអាជីពដែលមានម្ចាស់ជាមហាសេដ្ឋីថៃមួយនេះ បានបរាជ័យពីការប្តឹងជំទាស់លើកទី១ ជុំវិញចំណូលចំណាយ និងប្រតិបត្តិការហិរញ្ញវត្ថុក្នុងក្លិបមានភាពមិនច្បាស់លាស់ ដែលត្រូវបានច្រានចោលដោយគណៈកម្មាធិការឯករាជ្យរបស់ Premier League។

នេះមានន័យថា Leicester ប្រឈមទៅនឹងការកាត់ពិន្ទុនៅ Premier League ក្នុងរដូវកាលឆ្នាំ២០២៤-២០២៥ បន្ទាប់បានរកឃើញថា ក្លិបនេះបានខាតបង់ទឹកប្រាក់ប្រមាណជាង ២១៥លានផោន ក្នុងរយៈពេល ៣រដូវកាល ល្មើសទៅនឹងច្បាប់ Premier League PSR ដែលបានចែងថា ខាតបង់យ៉ាងណាមិនឱ្យលើសពីចំនួន ១០៥លានផោនឡើយ ក្នុងរយៈពេលដូចគ្នា ដោយអាចខាតជាមធ្យមត្រឹមតែ ៣៥លានផោនតែប៉ុណ្ណោះ ក្នុង ១រដូវកាល៕