(ប៊ែកឡាំង)៖ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ និងអាល្លឺម៉ង់ មានស្ថិតិធ្វើបានល្អដូចគ្នា រាល់ការពើបប្រទះគ្នាក្នុងកម្មវិធីធំៗនាពេលកន្លងមក ពីប្រវត្តិធ្លាប់ជួបគ្នាសរុប ២៦លើក (ឈ្នះ៩ ស្មើ៨ និងចាញ់៩) ។ ចុះចំណែកយប់នេះវិញ តើលទ្ធផលយ៉ាងណាដែរ?

ក្រៅពីជួបគ្នាក្នុងជំនួបមិត្តភាពអន្តរជាតិ ក្រុមខ្លាំងប្រចាំទ្វីបអឺរ៉ុបទាំងពីរខាងលើនេះ ធ្លាប់ជួបគ្នាក្នុងព្រឹត្តិការណ៍ធំៗដូចជា UEFA Euro, UEFA Nations League និង World Cup ជាដើមនោះ មានដល់ទៅ ១២លើកឯណោះ ដោយទទួលបានលទ្ធផលឈ្នះ-ចាញ់ និងស្មើ ៤លើកដូចៗគ្នាថែមទៀតផង។ នេះបើយោងតាមគេហទំព័រ 11v11.com។

តែយ៉ាងណាការជួបគ្នា ៣លើកចុងក្រោយនេះ ពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ចំនួន ២លើក និងគោជល់អេស្ប៉ាញបានបំបាក់អាល្លឺម៉ង់ ៦ទល់នឹង០ មិនឱ្យតដៃរួចឡើយកាលនៅ Nations League ក្នុងឆ្នាំ២០២០។

ឥន្រ្ទីដែកអាល្លឺម៉ង់ អតីតជើងឯក World Cup ៤សម័យ និង Euro ៣លើកស្មើជាមួយអេស្ប៉ាញផងនោះ ជាក្រុមលេខ១ ចេញពីពូល A តាមរយៈលេង ៣ប្រកួតសន្សំពិន្ទុ ឈ្នះ២ និងស្មើ១ មុនទម្លាក់ដាណឺម៉ាក ២ទល់នឹង០ ដើម្បីឡើងមកប៉ះអេស្ប៉ាញ ក្នុងវគ្គ ៨ក្រុមចុងក្រោយនៅ Euro លើកទី១៧ នេះ។

ចំណែកឯគូប្រជែងគោជល់អេស្ប៉ាញ អតីតជើងឯក World Cup 2010 វិញ ជាក្រុមលេខ១ ចេញពីពូល D តាមរយៈលេង ៣ប្រកួតឈ្នះទាំងអស់តែម្តង មុនវាយបកទម្លាក់ហ្ស៊កហ្ស៊ី ក្នុងវគ្គ ១៦ក្រុមដោយលទ្ធផល ៤-១ ដើម្បីមកប៉ះក្រុមបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ កាលជួបគ្នាចុងក្រោយនៅ World Cup 2022 ក្នុងប្រទេសកាតា៕