(បរទេស)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា ក្រុមហ៊ុន Foxconn Singapore ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិត និងដំឡើងគ្រឿងអេឡិចត្រូនិចតាមកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោក Foxconn បានទទួលអាជ្ញាប័ណ្ណវិនិយោគចំនួន ៥៥១លានដុល្លារបន្ថែមទៀតនៅក្នុងខេត្ត Quang Ninh ភាគខាងជើងប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការវិនិយោគនេះ នឹងត្រូវបានប្រើសម្រាប់គម្រោងចំនួនពីរ គឺមួយសម្រាប់ផលិតផលិតផលកម្សាន្តឆ្លាតវៃ និងមួយទៀតសម្រាប់ដំណោះស្រាយប្រព័ន្ធឆ្លាតវៃ។ តាមរយៈរបាយការណ៍ចុងក្រោយនេះ គឺជាការវិនិយោគលើកទី២ ដោយបន្ថែមលើគម្រោងមុនមានចំនួន ២៦៣.៧លានដុល្លារដោយ Foxconn Singapore ដើម្បីផលិតឧបករណ៍កម្សាន្តឆ្លាតវៃនៅក្នុងប្រទេសវៀតណាម។

គួរជម្រាបថា មកទល់ពេលនេះក្រុមហ៊ុន Foxconn Singapore បានទទួលអាជ្ញាប័ណ្ណក្នុងការវិនិយោគសរុបប្រមាណ ៧៤៥ដុល្លារនៅក្នុងប្រទេសវៀតណាម តាមរយៈគម្រោងផ្សេងៗទាំងនេះ។ យ៉ាងណាមិញបើយោងតាមវិញ្ញាបនបត្រវិនិយោគ គម្រោងទាំងពីរនឹងបញ្ចប់ការសាងសង់នៅខែក្កដា ឆ្នាំ២០២៦។ បន្ទាប់ពីរយៈពេលនៃការដំឡើងម៉ាស៊ីន និងដំណើរការសាកល្បង Foxconn គ្រោងនឹងចាប់ផ្តើការផលិតជាផ្លូវការនៅខែឧសភា ឆ្នាំ២០២៧ខាងមុខតែម្តង៕