(ភ្នំពេញ)៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជា បានសហការជាមួយក្លឹបបាល់ទាត់អាយអេសអាយដង្កោសែនជ័យ រៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ដើម្បីធ្វើការរៃអង្គាសថវិកាជួយទ្រទ្រង់ដល់ការថែទាំកុមារកម្ពុជា នៅក្នុងមន្ទីរពេទ្យកុមារអង្គរ។

ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅកីឡដ្ឋាន AIA Stadium KMH Park ដោយអាចចូលរួមទស្សនាការប្រកួតបាល់ទាត់ ដោយសេរីរវាងក្រុមបាល់ទាត់ Sathapana FC  និងផ្ការីកគ្រប់រដូវ។

សូមគូសបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ Sathapana FC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ដោយមានការជ្រើសរើសកីឡាករកំពូលៗមកពីគ្រប់សាខា ធនាគារ ស្ថាបនាទូទាំងប្រទេសកម្ពុជា។
គោលបំណង នៃការបង្កើតក្រុមបាល់ទាត់នេះឡើង គឺដើម្បីឲ្យបុគ្គលិកទទួលបាននូវសុខភាពល្អ និងបង្កើតទម្លាប់នៃការរស់នៅប្រចាំថ្ងៃប្រកបដោយសុខុមាលភាព តាមរយៈលេងកីឡា។ បន្ថែមពីលើនេះ ធនាគារក៏មានគោលបំណងលើកទឹកចិត្តបុគ្គលិកទាំងអស់ឲ្យចូលរួមការងារសង្គម និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ឲ្យកាន់តែល្អប្រសើរ។

ចំណែកក្រុមផ្ការីកគ្រប់រដូវ គឺជាក្រុមបាល់ទាត់មួយ ដែលមានកីឡាករជាសិល្បករល្បីៗ ក្នុងប្រទេសកម្ពុជា និងជាក្រុមបាល់ទាត់ ដែលមានចក្ខុវិស័យនិងឆន្ទះស្របទៅនឹងធនាគារ ស្ថាបនាក្នុងការជួយសង្គម សហមគមន៍ និងចែករំលែកក្តីស្រឡាញ់ទៅកាន់កុមារ តាមរយៈការរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរសម្រាប់ទ្រទ្រង់ដំណើរការប្រតិបត្តិ ការផ្តល់សេវាថែទាំ និងព្យាបាលជំងឺដល់កុមារនៅកម្ពុជា។ 

ការរួមចំណែកនេះ ជាផ្នែកមួយក្នុងកម្មពិធីទំនួលខុសត្រូវសង្គមរបស់ធនាគារស្ថាបនាដែលផ្តោតសំខាន់លើការផ្សារភ្ជាប់សហគមន៍ជាមួយការលើកកម្ពស់វិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជា។
តាមរយៈការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ នឹងអនុញ្ញាតឲ្យធនាគារ ស្ថាបនាបន្តពង្រីកវិសាលភាពកាន់តែទូលំទូលាយ និងជួយសង្គ្រោះជីវិតកុមារកម្ពុជា ដែលខ្វះលទ្ធភាពក្នុងការទទួលបានការព្យាបាលជំងឺ និងការថែទាំសុខភាពប្រកបដោយប្រសិទ្ធិភាពខ្ពស់។

សាធារណជន និងអតិថិជនទាំងអស់អាចធ្វើការបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ លោកអ្នកអាចធ្វើការបរិច្ចាគ ទៅកាន់គណនីមន្ទីរពេទ្យកុមារអង្គរដោយផ្ទាល់តាមរយៈកម្មវិធី ស្ថាបនា ម៉ូបាល ឬ KHQR ឬទៅកាន់សាខា ធនាគារ ស្ថាបនាដែលនៅជិតលោកអ្នកបំផុត។

រាល់ថវិកាទាំងអស់ដែលបានពីការបរិច្ចាគនឹងធ្វើការផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បី្យមន្ទីរពេទ្យបន្តបេសកកម្ម និងសកម្មភាពសប្បុរសធម៌នេះ ជូនដល់កុមារគ្រប់រូប។ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែង រៃអង្គាសថវិកានេះផងដែរ ធនាគារ ស្ថាបនានឹងធ្វើការបរិច្ចាគថវិកាបន្ថែមពីថវិកាដែលទទួលបានពីការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ។

ចូលរួមបរិច្ចាគជាមួយធនាគារ ស្ថាបនា ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ និងកុមារកម្ពុជាឱ្យទទួលបាន ការថែទាំសុខភាព និងព្យាបាលប្រកបដោយគុណភាពខ្ពស់៖
១៖ ស្កេន QR code ក្នុងរូបភាពខាងក្រោម ឬ
២៖ ចូលទៅកាន់មុខងារ “Donation” ក្នុង ស្ថាបនា ម៉ូបាល ឬ
៣៖ តាមរយៈគណនី Angkor Hospital for Children (USD) 07808082834100102៕