(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានបញ្ជាក់ថា ខ្លួនបានរៀបចំការបញ្ឈប់ការងារមួយជុំទៀតក្នុងសប្តាហ៍នេះ។ យោងតាមការរាយការណ៍ដោយ Wired Geek ការបញ្ឈប់ការងារនឹងប៉ះពាល់ដល់អង្គភាពអាជីវកម្ម នាយកដ្ឋាន និងទីតាំងផ្សេងគ្នាជាច្រើននៅទូទាំងក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយដោយ apb LIVE នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។

តាមរយៈការបង្ហោះនៅលើ LinkedIn បានបង្ហាញថា ការបញ្ឈប់បុគ្គលិកជុំនេះ នឹងរងផលប៉ះពាល់ជាចម្បងនៅក្នុងតួនាទីគ្រប់គ្រងផលិតផល និងកម្មវិធី (Product and Program management)។ ក្រុមហ៊ុន Microsoft មិនបានបង្ហាញពីចំនួនពិតប្រាកដនៃបុគ្គលិកដែលត្រូវបានបញ្ឈប់នោះទេ ប៉ុន្តែរបាយការណ៍បង្ហាញថាវា គឺជាការកាត់បន្ថយមួយផ្សេងទៀតបន្ទាប់ពីការកាត់បន្ថយពីមុនក្នុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤។

អ្នកនាំពាក្យក្រុមហ៊ុន Microsoft បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការកែសម្រួលអង្គភាព និងកម្លាំងពលកម្ម គឺជាផ្នែកចាំបាច់ និងទៀងទាត់នៃការគ្រប់គ្រងអាជីវកម្មរបស់យើង។ យើងនឹងបន្តផ្តល់អាទិភាព និងវិនិយោគលើវិស័យកំណើនជាយុទ្ធសាស្រ្តសម្រាប់អនាគតរបស់យើង និងជាការគាំទ្រដល់អតិថិជន និងដៃគូរបស់យើង»។

គួរជម្រាបដែរថា ការកាត់បន្ថយការងារទាំងនេះនៅក្រុមហ៊ុន Microsoft គឺជាផ្នែកមួយនៃនិន្នាការ នៃការបញ្ឈប់ការងារនៅទូទាំងឧស្សាហកម្មបច្ចេកវិទ្យាក្នុងឆ្នាំ២០២៤ ដោយបុគ្គលិកជិត ១០០,០០០ នាក់ត្រូវបានបញ្ឈប់ពីការងាររហូតមកដល់ពេលនេះ នេះបើយោងតាមគេហទំព័រតាមដានការបញ្ឈប់ការងារ layoffs.fyi។ ដំណាលគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតដូចជា Google, Cisco និង Dell ក៏បានប្រកាសពីការកាត់បន្ថយកម្លាំងពលកម្មយ៉ាងសំខាន់ក្នុងឆ្នាំ ២០២៣ និង ២០២៤ ផងដែរ៕