(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ប្រកាសអនុញ្ញាតឲ្យទស្សនិកជន ចូលរួមទស្សនាដោយសេរី ក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១១-១៣ ខែកក្កដា សប្ដាហ៍ក្រោយ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។

យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលអង្គភាព Fresh News Plus ទទួលបាននៅល្ងាចថ្ងៃទី០៥ ខែកក្កដានេះ បានបញ្ជាក់ថា ការប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ ។ ការប្រកួតចូលរួមទស្សនាដោយសេរី មិនគិតថ្លៃ តាមកម្មវិធីដូចខាងក្រោម៖

១. ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីថ្ងៃទីម៉ោង ៩ ដល់ម៉ោង ១២ព្រឹក
. ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២រសៀលតទៅ
. ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ វគ្គផ្ដាច់ព្រ័ត្រ ចាប់ពីម៉ោង ២រសៀលតទៅ។

អាស្រ័យហេតុនេះ សូមទស្សនិកជនទាំងអស់ អញ្ជើញចូលរួមទស្សនា និងគាំទ្រដល់អ្នកប្រយុទ្ធគុនខ្មែរ ដោយក្ដីសប្បាយរីករាយ ។ ប៉ុន្ដែសម្រាប់ពិធីបើកការប្រកួត នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២រសៀលតទៅ មិនអនុញ្ញាតឲ្យមហាជនចូលរួមនោះទេ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងខាងលើ។

សូមបញ្ជាក់ថា សម្រាប់ពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នាថ្ងៃទី១១ ខែកក្កដាសប្ដាហ៍ក្រោយ នឹងទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានឲ្យដឹងថា បច្ចុប្បន្ន មានអត្តពលិក ១៨ប្រទេសហើយ ដែលបានចុះឈ្មោះចូលរួមប្រកួតនេះ ។ សម្រាប់ម្ចាស់ផ្ទះកម្ពុជា បានត្រៀមអត្តពលិក ១៦រូប ដើម្បីទទួលស្វាគមន៍អ្នកលេងគុនចម្រុះខ្លាំងៗ មកពីបណ្ដាប្រទេសក្នុងទ្វីបអាស៊ី រួមមានកីឡាករ ហ៊ុន ចាន់រាជ, ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទរិទ្ធីគុណ (Thiago), ចាន់ សំអាត, ចាន់ រតនា, អេ វីរៈខាំឈីតភូថង, ហាត ភី, កីឡាការិនី ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គន្ធ វ៉ាន់នីតា, អ៊ុំ ថារ័ត្ន និងកីឡាការិនី ទួន ស្រីភីន៕