(ភ្នំពេញ)៖ ធនាគារ ABA បានទទួលពានរង្វាន់ ​«ធនាគារ​បម្រើសេវា​រូបវន្តបុគ្គល​ដ៏​ឆ្នើម​នៅ​កម្ពុជា​» ជាថ្មីម្ដងទៀត ពីទស្សនាវដ្ដីធនាគារនិងហិរញ្ញវត្ថុអាស៊ី (Asian Banking and Finance)។

ការទទួលស្គាល់នេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់ធនាគារចំពោះឧត្តមភាព និងសមិទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយឆ្នាំនេះ ដែលកំណត់ដោយកំណើនឥតឈប់ឈរ និងវឌ្ឍនភាពឌីជីថលប្រកបដោយភាពច្នៃប្រឌិត។ ការយកចិត្តទុកដាក់របស់ធនាគារក្នុងការណែនាំនូវផលិតផល និងសេវាហិរញ្ញវត្ថុទំនើបជូនអតិថិជន ទទួលបានការកោតសរសើរពីសំណាក់គណៈវិនិច្ឆ័យរបស់ Asian Banking and Finance។

អំឡុងពេលពេញមួយឆ្នាំនេះ ABA Mobile ទទួលបានការពង្រឹងសមត្ថភាពសំខាន់ៗ និងនវានុវត្តន៍ដែលផ្ដោតលើអ្នកប្រើប្រាស់។ មុខងារសំខាន់ៗដែលបានដាក់ដំណើរការ រួមមាន ការកែប្រែផ្ទៃអន្ដរកម្មក្នុងកំណែ 5.0 ​ដោយបន្ថែមបទពិសោធថ្មីដល់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្ដូរផ្ទៃអេក្រង់តាមចំណូលចិត្ត និងមានភាពរស់រវើក, ពង្រឹងមុខងារសុវត្ថិភាព, និងអាចដូរ និងពង្រីកផ្ទៃអេក្រង់ឲ្យស្រួលប្រើប្រាស់ ដូចជាទំហំអក្សរ និងម៉ូដរចនាជាដើម។ ចំណុចដែលគួរឲ្យកត់សម្គាល់នោះគឺ គំនិតផ្តួចផ្តើមក្នុងការចូលប្រើសេវាធនាគារតាម ABA Mobile ដោយមិនចាំបាច់មានទិន្នន័យអ៊ីនធឺណិត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទមួយចំនួន អាចប្រើប្រាស់សេវាធនាគារតាមតម្រូវការ ដោយមិនអស់ទិន្នន័យអ៊ីនធឺណិត ដែលជួយជំរុញដល់បរិយាបន្នហិរញ្ញវត្ថុ។

នៅឆ្នាំ២០២៣ ធនាគារបានដាក់ដំណើរការសេវាទូទាត់ឆ្លងប្រទេសតាមរយៈ QR ទៅក្នុងអេកូស៊ីស្ទែមរបស់ខ្លួន ដោយអនុញ្ញាតឲ្យអតិថិជន ABA ធ្វើប្រតិបត្តិការដោយរលូននៅប្រទេសថៃ ដោយស្គែនកូដ ThaiQR ។ ABA ក៏បានពង្រីកបណ្តាញទូទាត់ QR សម្រាប់អាជីវកររបស់ខ្លួនគួរឲ្យកត់សម្គាល់ផងដែរ ដែលកើនដល់ 43%។ ការពង្រីកនេះ ពង្រឹងជំហររបស់ ABA ក្នុងនាមជាធនាគារនាំមុខលើផ្នែកទូទាត់ឌីជីថល និងបង្កើនភាពងាយស្រួលសម្រាប់អតិថិជនរបស់ខ្លួន។

លើសពីនេះ កម្មវិធី ABA Merchant ទទួលបានកំណើនអ្នកប្រើប្រាស់សកម្មកើនដល់ 136%​។ មុខងារ វិភាគទិន្នន័យលក់ដូរ ថ្មីនៅក្នុងកម្មវិធី អនុញ្ញាតឲ្យអាជីវករ/អ្នកលក់ដូរងាយស្រួលចូលប្រើប្រាស់ និងវិភាគទិន្នន័យប្រតិបត្តិការ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការចូលរួមរបស់អតិថិជន។

បន្ថែមពីនេះ ការទទួលប្រាក់ធីប តាមរយៈការទូទាត់ឌីជីថល និងការដាក់ចេញនូវកម្មវិធី ចាយបានលុយភ្លាមៗ ក៏បានធ្វើឲ្យអតិថិជន និងពាណិជ្ជករទទួលបានបទពិសោធកាន់តែប្រសើរផងដែរ។

លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ «យើងខ្ញុំមានមោទនភាពក្រៃលែង ដែលបាន ទទួលពាន ​ធនាគារ​បម្រើសេវា​រូបវន្តបុគ្គល​ដ៏​ឆ្នើម​នៅ​កម្ពុជា សម្រាប់ឆ្នាំទីបួននេះជាថ្មីម្ដងទៀត។ នៅ ABA យើងខ្ញុំនៅតែផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលអាចចូលប្រើបាន និងងាយស្រួលប្រើប្រាស់ ដូចដែលបានបង្ហាញ តាមរយៈភាពជោគជ័យនៃកម្មវិធី ABA Mobile របស់យើងខ្ញុំ និងការពង្រីកជម្រើសទូទាត់តាមបែបឌីជីថល»។

លោកបានបន្ថែមថា «ការទទួលស្គាល់នេះ គឺជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់របស់ក្រុមការងារយើងខ្ញុំ ចំពោះនវានុវត្តន៍ និងការផ្តល់នូវបទពិសោធដ៏ល្អឯកជូនដល់អតិថិជន»

ABA​ សម្រេចបាន​នូលទ្ធផលហិរញ្ញវត្ថុដ៏លេចធ្លោ​ នៅ​គ្រប់​ផ្នែក​និង​កម្រិត​ (​ម៉ែ​ត​ទ្រី​ក​)​ ទាំងអស់​ ដែលគូសបញ្ជាក់ពីជំហររឹងមាំ របស់ខ្លួននៅក្នុងវិស័យធនាគាររបស់កម្ពុជា។ ទ្រព្យសកម្ម​សរុប​របស់​ធនាគារ​កើន​ដល់​ 27%​ ដែល​សម្រេច​ឈាន​ដល់​ 11.5 ប៊ី​លាន​ដុល្លារ​ គិត​ត្រឹម​ដំណាច់ឆ្នាំ​២០២៣​។​ ប្រាក់បញ្ញើរបស់អតិថិជនកើនដល់ 26% ដែល​សម្រេច​ឈានដល់ 9.2 ប៊ី​លាន​ដុល្លារ​ ខណៈកម្ចីដុលមានចំនួនសរុប 7.9 ប៊ី​លាន​ដុល្លារ​ ដែលតួលេខនោះ​កើនបាន 21%​ គិតចាប់តាំងពី​ចុងឆ្នាំ​មុន។

នៅ​ក្នុង​សំ​ណេ​រពាក់​ព័ន្ធ​នឹង​ពានរង្វាន់​របស់​ធនាគារ​ ABA​ នា​ឆ្នាំ​នេះ​ ទស្សនាវដ្តី​ បាន​អធិប្បាយ​ថា​ «ពានរង្វាន់នេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ ABA ចំពោះឧត្តមភាព និងនវានុវត្តន៍ដើម្បីបម្រើអតិថិជនរបស់ខ្លួន និងការពង្រឹងជំហររបស់ខ្លួន ក្នុងនាមជាធនាគារនាំមុខគេនៅក្នុងសហគមន៍ធនាគារកម្ពុជា។ លទ្ធផលសម្រេចបានដ៏ទូលំទូលាយនេះ ព្រមទាំងការផ្តោតជាយុទ្ធសាស្ត្រលើនវានុវត្តន៍ យកអតិថិជនជាគោល និងកំណើនប្រកបដោយស្ថិរភាព បានធ្វើឲ្យ ABA ទទួលបានពានដ៏មានកិត្យានុភាព​ ធនាគារ​បម្រើសេវា​រូបវន្តបុគ្គល​ដ៏​ឆ្នើមនៅកម្ពុជា នៅក្នុងពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ​ 2024 របស់ទស្សនាវដ្ដី Asian Banking and Finance»

​ជាមួយនឹង​សមិទ្ធផល​ដ៏លេចធ្លោ​ និងនវានុវត្តន៍ល្អឯក ABA នៅតែបន្ដប្ដេជ្ញា និងផ្ដោតលើ​ដំណោះស្រាយ​ឌី​ជីថ​ល​ដែល​យក​អតិថិជន​ជាគោល​ចម្បង​ ដើម្បីធ្វើយ៉ាងណារក្សា ​ដំណែង​ឈានមុខ​គេ​ ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​៕