(គីតូ)៖ អេក្វាឌ័រ បាមដកគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិ Felix Sanchez ចេញពីតំណែង បន្ទាប់ពីការបរាជ័យក្នុងវគ្គ ៨ក្រុមចុងក្រោយ ​Copa America នៅព្រឹកថ្ងៃសុក្រនេះ ក្រោមថ្វីជើងក្រុមអាហ្សង់ទីន។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់អេក្វាឌ័រ (FEF) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។

​អេក្វាឌ័រ បានឡើងដល់វគ្គ ៨ក្រុមជាលើកទី៣ ក្នុងព្រឹត្តិការណ៍ធំ ៤លើកចុងក្រោយ ប៉ុន្តែត្រូវបានទម្លាក់ចេញដោយក្រុមការពារជើងឯក ក្នុងវគ្គស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី បន្ទាប់ពីការប្រកួតបានបញ្ចប់លទ្ធផលស្មើ ១-១ ពេញម៉ោង ៩០នាទី។

បុរសសញ្ជាតិអេស្ប៉ាញ ដែលបានដឹកនាំក្រុមកាតា ដណ្តើមបានពានរង្វាន់ Asian Cup កាលពីឆ្នាំ២០១៩ រូបនេះ បានចុះកិច្ចសន្យារយៈពេល ៤ឆ្នាំ ជាមួយអេក្វាឌ័រ កាលពីខែមីនាឆ្នាំមុន។

«យើងសូមថ្លែងអំណរគុណលោក Felix និងបុគ្គលិកគ្រូបង្វឹករបស់លោក សម្រាប់ការបំពេញការងារ ដែលមានវិជ្ជាជីវៈ និងសូមជូនពរឱ្យលោកជោគជ័យ ក្នុងការងារនាពេលអនាគត»។ FEF បានឱ្យដឹង៕