(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលត្រូវបានចាត់ទុកជាជំនាញការកីឡាជាន់ខ្ពស់មួយរូបរបស់កម្ពុជា នាល្ងាចថ្ងៃទី០៥ ខែកក្កដាម្សិលមិញ បានចុះពិនិត្យ និងលើកទឹកចិត្តចុងក្រោយ ពិសេសលោកបានចែករំលែក និងបង្ហាញនូវស្នៀតពិសេសៗមួយចំនួនដោយផ្ទាល់ សម្រាប់ជាទុនដល់កីឡាករ-កីឡាការិនីយុទ្ធគុនចម្រុះកម្ពុជា ដែលកំពុងសម្រួចការហ្វឹកហាត់ត្រៀមការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នាសប្ដាហ៍ក្រោយ។

ការដឹកនាំក្រុមការងារចុះពិនិត្យ សួរសុខទុក្ខ និងលើកទឹកចិត្តដល់អត្តពលិកកម្ពុជានេះ ធ្វើឡើងនៅក្លិប Cambodian Top Team ដែលជាទីកន្លែងប្រមូលផ្ដុំហ្វឹកហាត់របស់កីឡាករ-កីឡាការិនី ពិសេសក្រុមជម្រើសជាតិយុទ្ធគុនចម្រុះកម្ពុជា ដើម្បីត្រៀមការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី (2nd AMMA Championship 2024) ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដែលពិធីបើកនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ក្នុងឱកាសនៃការជួបសំណេះសំណាលនោះដែរ លោក វ៉ាត់ ចំរើន ដែលជាជំនាញការយុទ្ធគុនចម្រុះ និងឯកទេសកីឡាចំបាប់ និងការ៉ាតេកម្រិតខ្សែក្រវាត់ ៧ដាន់ បានចែករំលែកអំពីយុទ្ធសាស្ដ្រ កលល្បិច និងបង្ហាញនូវបច្ចេកទេស និងស្នៀតពិសេសៗមួយចំនួន ដែលមានការខ្វះខាត ដល់កីឡាករ-កីឡាការិនីទាំងអស់ ដែលកំពុងហ្វឹកហាត់ត្រៀម ដើម្បីជាទុនក្នុងការសម្រួចបច្ចេកទេសរបស់ខ្លួនបន្ថែម ឆ្ពោះទៅស្វែងរកឧត្តមភាពក្នុងការប្រកួតនាពេលឆាប់ៗខាងមុខ។

បន្ថែមលើនេះ លោកបានណែនាំ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាពឲ្យបានខ្លាំង ទម្លាក់ចោលរាល់អារម្មណ៍ភ័យខ្លាច ឬស្ដ្រេសមួយចំនួន មកផ្ដោតអារម្មណ៍មុតស្រួចក្នុងការហ្វឹកហាត់សម្រួចសមត្ថភាព គិតតែរឿងវិជ្ជមានសម្រាប់ការប្រកួត ដើម្បីដណ្ដើមមេដាយ និងកិត្តិយសជូនជាតិ ក្នុងនាមម្ចាស់ផ្ទះនៃព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ី។ រីឯក្រុមការងារ និងប្រជាពលរដ្ឋ ពិសេសប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ហើយរង់ចាំលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្ត និងភាពកក់ក្ដៅជានិច្ចដល់ពួកគេ។

គួរដឹងថា ការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នាសប្ដាហ៍ក្រោយ មិនមានការលក់សំបុត្រទៀតទេ ដោយយោងតាមសេចក្ដីជូនដំណឹងកាលពីថ្ងៃសុក្រម្សិលមិញ NOCC បានប្រកាសអនុញ្ញាតឲ្យទស្សនិកជនចូលរួមទស្សនាការប្រកួតដោយសេរី មិនគិតថ្លៃ លើកលែងតែពិធីបើកការប្រកួតផ្លូវការ ចាប់ពីម៉ោង ២រសៀលតទៅប៉ុណ្ណោះ ដែលមិនអនុញ្ញាតឲ្យមហាជនចូលរួមនោះទេ។

បច្ចុប្បន្នព្រឹត្តិការណ៍នេះ មានអត្តពលិក ១៨ប្រទេសហើយ ដែលបានចុះឈ្មោះចូលរួមប្រកួតនេះ។ សម្រាប់ម្ចាស់ផ្ទះកម្ពុជា បានត្រៀមអត្តពលិក ១៦រូប ដើម្បីទទួលស្វាគមន៍អ្នកលេងគុនចម្រុះខ្លាំងៗ មកពីបណ្ដាប្រទេសក្នុងទ្វីបអាស៊ី រួមមានកីឡាករ ហ៊ុន ចាន់រាជ, ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទរិទ្ធីគុណ (Thiago), ចាន់ សំអាត, ចាន់ រតនា, អេ វីរៈខាំឈីតភូថង, ហាត ភី, កីឡាការិនី ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គន្ធ វ៉ាន់នីតា, អ៊ុំ ថារ័ត្ន និងកីឡាការិនី ទួន ស្រីភីន៕