(ព្រុចសែល)៖ កីឡាករ Jan Vertonghen ដែលធ្វើឲ្យគ្រាប់បាល់ចូលទីខ្លួនឯង និងក្នុងនាមខ្សែការពារទទួលបានការកោះហៅច្រើនជាងគេផងនោះ បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិប៊ែលហ្សិក បន្ទាប់ពីលេងបាន ១៥៧លើក។ នេះបើតាមការប្រកាសរបស់កីឡាករ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤។

«សូមអរគុណចំពោះការចងចាំគ្រប់យ៉ាងទាំងអស់។ ខ្ញុំបានរស់នៅក្នុងក្តីសុបិនរបស់ខ្ញុំ»។ កីឡាករវ័យ ៣៧ឆ្នាំរូបនេះបានសរសេរសារខ្លី នៅលើប្រព័ន្ធទំនាក់ទំនងសង្គម>>។

Vertonghen បានបង្ហាញខ្លួនលើកដំបូងរបស់លោកឱ្យក្រុមជម្រើសជាតិ នៅដើមឆ្នាំ២០០៧ ក្នុងវ័យ ២០ឆ្នាំការប្រកួតជម្រុះ European Championship ដែលបែលហ្ស៊ិកបានចាញ់ ២-១ ក្នុងពេលធ្វើម្ចាស់ផ្ទះទទួលក្រុមព័រទុយហ្គាល់។

​លោកក៏ធ្លាប់ធ្វើជាប្រធានក្រុមម្តងម្តាលផងដែរ នៅពេលដែលលោកទៅចូលរួមប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល ជាការប្រកួតដែលប៊ែលហ្ស៊ិក បានឡើងដល់វគ្គ ៨ក្រុមចុងក្រោយ ហើយលោកក៏ស្ថិតក្នុងក្រុមជម្រើសជាតិ ដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup នៅប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០១៨ ផងដែរ។

Vertonghen ក៏បានប្រកួតក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតាផងដែរ ខណៈក្រុមបិសាចក្រហមអឺរ៉ុបមួយនេះបានធ្លាក់ចេញលឿន។

យ៉ាងណាមិញ អនាគតរបស់ខ្សែការពារកណ្តាលរូបនេះលេងនៅក្លិបវិញ គឺមិនមានភាពប្រាកដប្រជានោះទេ ខណៈកិច្ចសន្យារបស់លោកជាមួយ Anderlecht បានផុតកំណត់កាលពីដំណាច់ខែមុន។ កន្លងមកលោកក៏ធ្លាប់លេងនៅក្លិប RKC Waalwijk, Ajax Amsterdam, Tottenham Hotspur និងក្លិប Benfica ផងដែរ៕