(ឡុងដ៍)៖ កីឡាកររត់ឆ្លងឧបសគ្គអង់គ្លេស Andrew Pozzi បានប្រកាសចូលនិវត្តន៍ បន្ទាប់ពីរបួសបាក់កជើងធ្ងន់ធ្ងរ ដែលធ្វើឱ្យលោកបញ្ចប់អាជីពរយៈពេល ១៥ឆ្នាំរបស់ខ្លួន។ នេះបើតាមការបញ្ជាក់ពី British Athletics ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤។

កីឡាករវ័យ ៣២ឆ្នាំ ដែលត្រូវបានកោះហៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Paris Olympics រូបនេះ បានប្រកាសបោះបង់ចោលឱកាស សម្រាប់ក្រុមចក្រភពអង់គ្លេស និងបានដកខ្លួនចេញពីការប្រកួត ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ នៅល្ងាចថ្ងៃព្រហស្បតិ៍។

Pozzi ធ្លាប់បានឈ្នះមេដាយមាស World Indoor 60m នៅទីក្រុង Birmingham ក្នុងឆ្នាំ២០១៨។ លោកក៏ធ្លាប់ឈ្នះមេដាយមាស European Indoor 60m ក្នុងឆ្នាំ២០១៧ និងដណ្តើមបានមេដាយប្រាក់ នៅព្រឹត្តិការណ៍ដូចគ្នានេះ ក្នុងឆ្នាំ២០២១ ផងដែរ។

អត្តពលិកសញ្ជាតិអង់គ្លេស ដែលបានខកខានការប្រកួតក្នុងឆ្នាំ២០២៣ ដោយសារតែមានរបួសធ្ងន់ធ្ងររូបនេះ បានលើកឡើងថា លោកបានតស៊ូយ៉ាងលំបាក ក្នុងការវិលត្រឡប់ទៅកាន់ ការប្រកួតកម្រិតពិភពលោកវិញ ហើយលំបាកក្នុងការទទួលបាននូវអ្វីដែលលោកត្រូវទទួលបាន គឺការប្រកួតជាលើកទី៤ នៅព្រឹត្តិការណ៍កីឡា Olympic Games៕