(ម៉ូនិច)៖ តោកំណាចអង់គ្លេស នឹងពើបប្រទះក្រុមកាកបាទក្រហមស្វីស នៅមុនពេលហូឡង់ជួបតួកគីរាត្រីនេះ ដើម្បីបិទបញ្ចប់វគ្គ ៨ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA European Champions 2024 ដែលមានអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះ។

១ប្រកួតបើកឆាកនាម៉ោង ១១យប់ថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) គឺជាការជួបគ្នារវាងតោកំណាចអង់គ្លេស អតីតជើងឯករង Euro 2020 ទល់នឹងស្វីស នាកីឡដ្ឋាន Merkur Spiel-Arena ដោយមានលោក Daniele Orsato សញ្ជាតិអ៊ីតាលី ជាមន្រ្តីអាជ្ញាកណ្តាលលើទីលាន។

ដូចគ្នានោះដែរ សម្រាប់ ១ប្រកួតចុងក្រោយដើម្បីបញ្ចប់គ្គ ១/៤ នៅពាន Euro លើកទី១៧ នេះដែរ គឺជាការជួបគ្នារវាងក្រុមទឹកក្រូចហូឡង់ និងអឌ្ឍចន្ទតារាតួកគី នាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) ធ្វើឡើងនៅកីឡដ្ឋានជាតិអាល្លឹម៉ង់ Oympiastadion ដោយមានលោក Clement Turpin សញ្ជាតិបារាំង ជាអាជ្ញាកណ្តាលលើទីលានផងដែរ។

គួរបញ្ជាក់ផងថា រវាងក្រុមឈ្នះទាំង ២ប្រកួតនេះ នឹងបន្តឡើងទៅប៉ះគ្នាទៀតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេលបារាំង ជួបអេស្ប៉ាញ ក្នុងវគ្គ ១/២ ក្រោយពេលទម្លាក់គូប្រជែងព័រទុយហ្គាល់ និងម្ចាស់ផ្ទះអាល្លឺម៉ង់នាយប់មិញរួចមក៕