(អាល្លឺម៉ង់)៖ ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់តំបន់អឺរ៉ុប European Championship 2024 នៅពេលនេះក្រុមអេស្ប៉ាញ បានឡើងទៅប៉ះក្រុមមាន់គកបារាំង នៅវគ្គ ៤ក្រុមជាបន្ត ក្រោយពេលទម្លាក់ក្រុមម្ចាស់អាល្លឺម៉ង់ និងក្រុមបច្ចខែលព័រទុយហ្គាល់ ពីប្រកួតវគ្គ ៨ក្រុម ។

ក្នុងជំនួបវគ្គ ៨ក្រុមនេះដែរ ក្រុមគោជល់អេស្ប៉ាញ បានយកឈ្នះក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ ២-១ ក្នុងប្រកួតដែលឈានដល់លេងម៉ោងបន្ថែម ១៥នាទីពីរដង ក្រោយពីរកបានគ្រាប់បាល់ស្មើគ្នា ១-១ ដែលធ្វើបានដោយកីឡាករ Dani Olmo និងកីឡាករ Florian Wirtz នៅប្រកួត ៩០នាទីដំបូង ។

ខណៈគ្រាប់បានជ័យជម្នះរបស់ក្រុមអេស្ប៉ាញ កើតឡើងនៅនាទី១១៩ ពីការស៊ុតបានយ៉ាងល្អរបស់កីឡាករ Mikel Merino គឺនៅខ្វះតែ ១នាទីប៉ុណ្ណោះ នឹងត្រូវសម្រេចដោយការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី ដែលតាមរយៈលទ្ធផលនេះ បានធ្វើឱ្យក្រុមអាល្លឺម៉ង់ ដែលជាម្ចាស់ពាននេះ ៣សម័យកាលនៅតែមិនអាចឈានដល់វគ្គម្ចាស់ព្រ័ត ក្រោយពីបានរងជើងឯកនៅឆ្នាំ២០០៨ ។

ជាមួយគ្នានោះដែរ ក្រុមមាន់គកបារាំង បានសងសឹកក្រុមបច្ចខែលព័រទុយហ្គាល់ នៅប្រកួតពាន Euro ដោយក្រុមទាំងពីរបានសម្រេចរកក្រុមឡើងវគ្គបន្ត ពីការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តីដោយក្រុមបារាំង បានយកឈ្នះក្រុម Ronaldo ដោយលទ្ធផល ៥-៣ ។

សូមជម្រាបផងថា ការប្រកួតវគ្គ ៤ក្រុមរវាងក្រុមជម្រើសជាតិអេស្ប៉ាះ ប៉ះក្រុមជម្រើសជាតិបារាំង នឹងធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា នៅកីឡដ្ឋាន Allianz Arena ខណៈនេះជាការប៉ះគ្នារវាងក្រុមធ្លាប់ឈ្នះពាន Euro ដែលក្រុមអេស្ប៉ាញ ជាម្ចាស់ពាននេះបាន ៣សម័យកាល ហើយក្រុមបារាំង ធ្លាប់ឈ្នះបាន ២សម័យកាលផងដែរ ៕