(វ៉ាស៊ីនតោន)៖ កាណាដា ប្រទេសម្ចាស់ផ្ទះ FIFA World Cup 2026 បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯកអាមេរិកឡាទីន Copa America 2024 ដោយត្រូវប៉ះក្រុមការពារតំណែងជើងឯក អាហ្សង់ទីន បន្ទាប់ពីទម្លាក់វេណេហ្សូអេឡា ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៤-៣ រួចមកនាព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅកម្ពុជា)។

ក្រុមទាំងពីរបានបន្តអូសបន្លាយរហូតដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ដូចគូបើកឆាកវគ្គ ៨ក្រុមរវាងអាហ្សង់ទីន និងអេក្វាទ័រដែរ ដ្បិតប្រកួតម៉ោងធម្មតា ៩០នាទី ក៏ទទួលបានលទ្ធផលស្មើគ្នា ១-១ ដោយពុំមានការថែម ១៥នាទី ២ដង ដូចព្រឹត្តិការណ៍ជើងឯកអឺរ៉ុប Euro 2024 ដែលបានកំពុងដំណើរដំណាលគ្នានេះទេ។

ក្នុងការប្រកួតម៉ោងធម្មតាដែលជាគូទី២ នៃវគ្គ ៨ក្រុមនេះ កាណាដាក្រុមនៅតំបន់អាមេរិកខាងជើង បានបើកការនាំមុខ ១គ្រាប់មុននៅនាទី១៣ ដោយកីឡាករ Shaffelburg មុនពេលត្រូវបាន Rondon បានជួយក្រុមមកពីតំបន់អាមេរិកខាងត្បូងតាមស្មើវិញនៅនាទី៦៥ និងបន្តរហូតដល់ចប់ការប្រកួតតែម្តង។

ជាលទ្ធផលក្នុងការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីក្នុង ១ក្រុម ៥គ្រាប់វិញ វេណេហ្សូអេឡា ដែលមានឱកាសទាត់មុននោះ បានបំប៉ោងសំណាញ់ទី ៣គ្រាប់ គ្រាដែលកាណាដា ទាត់ចូល ៤គ្រាប់ ទទួលបានជ័យជម្នះឡើងទៅវគ្គចាញ់-ធ្លាក់ជាបន្តទៀត៕