(បរទេស)៖ បន្ទាប់ពីការប្រកាសដំឡើងពន្ធលើរថយន្តអគ្គិសនីនាំចូលពីប្រទេសចិនរហូតដល់ខ្ទង់៣៨% កាលពីដើមខែមិថុនាកន្លងទៅ នៅពេលនេះទទួលដំណឹងមកថា សហភាពអឺរ៉ុបបានសម្រេចយកពន្ធបណ្តោះអាសន្នទៅតាមអ្វីដែលខ្លួនបានកំណត់ចាប់ពីពេលនេះទៅ បើទោះបីជាមានការមិនពេញចិត្តពីទីក្រុងប៉េកាំង និងការចរចានានាមិនទាន់ឈានដល់កិច្ចព្រមព្រៀងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Arena EV នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។

ពន្ធគយបណ្តោះអាសន្នរបស់សហភាពអឺរ៉ុបដែលដកហូតក្នុងអត្រារហូតដល់ ៣៨,១% លើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី៤ ខែកក្កដា ខណៈពេលដែលសភាពអឺរ៉ុបស៊ើបអង្កេតអ្វីដែលខ្លួនអះអាងថា ជាការឧបត្ថម្ភធនហួសហេតុនិងមិនយុត្តិធម៌ដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន។ រហូតមកទល់នឹងពេលនេះ ការ​ចរចា​នៅ​តែ​បន្ត ប៉ុន្តែ​វា​ហាក់​ដូច​ជា​ចិន និង​សហភាព​អឺរ៉ុប ​មិន​អាច​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ឡើយ។

ក្រុមហ៊ុនរថយន្ត MG និង SAIC Motor ដែលមិនបានសហការជាមួយការស៊ើបអង្កេតរបស់ EU ប្រឈមនឹង ការបង់ពន្ធនាំចូល ៣៧.៦% ខណៈដែល Geely ប្រឈម ១៩.៩% និង BYD ១៧.៤%។ អ្នកនាំពាក្យរបស់ Nio និង Xpeng បានអត្ថាធិប្បាយថា ក្រុមហ៊ុនទាំងពីរនៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះទីផ្សារអ៊ឺរ៉ុប ខណៈកំពុងស្វែងរកជម្រើសទីតាំងនានាក្នុងការរៀបចំរោងចក្រផលិតនៅអឺរ៉ុប ដើម្បីចៀសវាងការយកពន្ធ។

គួរជម្រាបថា ជុំវិញបញ្ហាពន្ធគយនៅអឺរ៉ុបពេលនេះ ប្រទេសចិ នបានអំពាវនាវម្តងហើយម្តងទៀតឱ្យសហភាពអឺរ៉ុបលុបចោលពន្ធគយរបស់ខ្លួនដោយបង្ហាញពីឆន្ទៈក្នុងការចរចា។ ទីក្រុងប៉េកាំងមិនចង់ពាក់ព័ន្ធក្នុងសង្គ្រាមពន្ធគយមួយទៀតទេ ខណៈពេលដែលប្រទេសនេះកំពុងជាប់គាំងក្នុងជម្រោះពន្ធគយជាមួយសហរដ្ឋអាមេរិកលើទំនិញរបស់ខ្លួនដែលបានដាក់ដោយរដ្ឋាបាលភិបាលលោក ដូណាល់ ត្រាំ ប៉ុន្តែចិនបានឱ្យដឹងថា ខ្លួននឹងចាត់វិធានការទាំងអស់ដើម្បីការពារក្រុមហ៊ុនចិនប្រសិនបើការដំឡើងពន្ធគយកើតឡើងមែននោះ៕