(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់គុណភាពភាព សេវាសុខាភិបាលនៅកម្ពុជា មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បាននាំយកម៉ាស៊ីនស្កែនដ៏ទំនើប MRI 3 Tesla ជាម៉ាស៊ីនទំនើបជាងគេបង្អស់ និងមានបច្ចេកវិទ្យាថ្មីចុងក្រោយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកសុខភាព និងបើកសម្ពោធជាផ្លូវការនៅកម្ពុជា នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។

លោកសាស្រ្ដាចារ្យ Attapoom Susupaus ប្រធានមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ បានបង្ហាញក្ដីរីករាយ ចំពោះការបើកសម្ពោធម៉ាស៊ីនស្កែនដ៏ទំនើប MRI 3 Tesla នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និង MRI 1.5 Tesla នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ រួមជាមួយនឹងកម្មវិធីកាតសមាជិកថ្មីរបស់មន្ទីរពេទ្យដែលហៅថា Prime និង Prime+ ដែលបង្កីតឡើង ដោយមន្ទីរពេទ្យបាងកក និងសាខាមន្ទីរពេទ្យរបស់ខ្លួនក្នុងប្រទេសកម្ពុជា។

លោកសាស្រ្ដាចារ្យបានបថ្លែងថា «មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញជាមន្ទីរពេទ្យតំណាងមួយ នៃយុគសម័យថ្មីនៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដ៏ល្អឥតខ្ចោះ ដោយមន្ទីរពេទ្របានធ្វើការ វិនិយោគយ៉ាងសំខាន់លើគ្រឿងបរិក្ខារពេទ្យ និងបច្ចេកវិទ្យាដ៏ទំនើបបំផុតដូចជា ម៉ាស៊ីន MRI 3 Tesla ជាម៉ាស៊ីនស្កែនមួយ អាចផលិតរូបភាពវេជ្ជសាស្រ្តដ៏មានសក្តានុពល ហើយច្បាស់បំផុត វិភាគ វិនិច្ច័យប្រកបដោយសុក្រឹតភាពល្អិតល្អន់ ដោយមិនប្រើកាំរស្មីអិចទេ»។

លោកសាស្រ្ដាចារ្យ Attapoom Susupaus បានបន្ថែមថា មន្ទីរពេទ្យក៏បានពង្រឹងនូវសមត្ថភាព ឯកទេសគ្លីនិកសំខាន់ៗ ដូចជាកម្មវិធីព្យាបាលជំងឺបេះដូង ប្រើបច្ចេកវិទ្យាបរិក្ខារពេទ្យទំនើប ដូចជាម៉ាស៊ីនសម្រាប់ព្យាបាល ការស្ទះសរសៃឈាមបេះដូងដែលហៅថា ម៉ាស៊ីន ខែតលែប (Cardiac Catheterization Lab) រួមទាំងបច្ចេកទេសរបស់ក្រុមវេជ្ជបណ្ឌិត មានបទពិសោធន៍ព្យាបាលបេះដូង មកពីមន្ទីរពេទ្យបាងកក។

លោកសាស្រ្ដាចារ្យបានបន្ដថា ការវះកាត់បេះដូងត្រូវបានរៀបចំក្រុមវេជ្ជបណ្ឌិតថៃ និងខ្មែរ ដែលមានបទពិសោធន៍ និងជំនាញ ព្រមទាំងបន្ទប់វះកាត់ដ៏ទំនើប ផ្តល់សុវត្ថិភាពខ្ពស់សម្រាប់អ្នកជំងឺ លើសពីនេះ ការព្យាបាលជំងឺប្រព័ន្ធប្រសាទ ក៏បានបំពាក់ជាមួយឧបករណ៍ព្យាបាល និងវះកាត់ចុងក្រោយគេបង្អស់ ដែលមានសម្ថភាពអាចវះកាត់ការកកឈាមក្នុងខួរក្បាល បញ្ហាឆ្អឹងខ្នង ដែលបណ្តាលមកពីការកៀបសរសៃជាដើម។

ចំពោះវេជ្ជបណ្ឌិតផ្នែកវះកាត់ឆ្អឹង ព្យាបាលបញ្ហាសន្លាក់ និងការវះកាត់ដូរក្បាលជង្គង់ ប្តូរឆ្អឹងត្រគាក និងការវះកាត់ឆ្អឹងទូទៅ ដោយប្រើបច្ចេកទេសវះកាត់ថ្មី សម្រាប់លទ្ធផលនៃការព្យាបាលដ៏អស្ចារ្យ ជាពិសេសការវះកាត់តសរសៃក្បាលជង្គង់ (ACL) ដោយវេជ្ជបណ្ឌិតជនជាតិថៃ។ លើសពីនេះបានពង្រីក កន្លែងសម្រាប់ផ្នែកថែទាំម្តាយ និងផ្នែកសង្គ្រោះទារកទើបកើត (NICU) ដើម្បីផ្ដល់សេវាថែទាំល្អ ប្រកបដោយភាពម៉ត់ចត់ សុវត្ថិភាពខ្ពស់។

លោកសាស្រ្ដាចារ្យបានបន្ថែមថា លើសពីនេះភាពជឿនលឿនខាងផ្នែកធ្វើរោគវិនិច្ឆ័យ និងឯកទេសផ្នែកវេជ្ជសាស្ត្រ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានផ្តល់នូវការថែទាំកម្រិតចុងក្រោយគេបង្អស់ ធៀបជាមួយនឹងមន្ទីរពេទ្យទំនើបៗនៅបណ្តាប្រទេសជឿនលឿនដទៃទៀត។ អ្នកជំងឺអាចទទួលបានសេវាកម្មពេញលេញ និងសុវត្ថិភាពខ្ពស់ក្នុងការព្យាបាលជំងឺទូទៅ សេវាសង្គ្រោះបន្ទាន់ ការវះកាត់គ្រប់ប្រភេទ ការស្តារនីតិសម្បទា និងការផ្តល់ការព្យាបាលជំងឺជាច្រើនទៀត ទាំងអស់នេះនៅក្រោមដំបូលតែមួយ ជាមួយមន្ទីរពេទ្យដ៏ល្បី ដែលហៅថាមន្ទីរពេទ្យបាងកក នៅប្រទេសថៃ។

លោកសាស្រ្ដាចារ្យបញ្ជាក់ថា «យើងបានជ្រើសរើសគ្រូពេទ្យលំដាប់ពិភពលោក មកពីមន្ទីរពេទ្យបាងកក ប្រទេសថៃ និងទាំងក្នុងប្រទេស ព្រមទាំងបុគ្គលិកជំនួយផ្នែកបច្ចេកទេស ដើម្បីធានាបាននូវការថែទាំប្រកប ដោយគុណភាពខ្ពស់បំផុត។ ការប្រតិបត្តិរបស់យើងត្រូវបានកែសម្រួលយ៉ាងម៉ត់ចត់ ដើម្បីថែទាំអ្នកជំងឺប្រកបដោយប្រសិទ្ធភាព និងក្តីមេត្តា»។

លោក​​ឯកអគ្គរាជទូតថៃ Chardkiat Atthakor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានលើកឡើងថា ការបើកសម្ពោធម៉ាស៊ីនស្កែនដ៏ទំនើប MRI 3 Tesla នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នាពេលនេះ បានបង្ហាញនូវការកត់សម្គាល់ពីវឌ្ឍនភាព នៃបច្ចេកវិទ្យាវេជ្ជសាស្រ្ត សម្រាប់ប្រជាជនកម្ពុជា និងការរីកចម្រើននៃបច្ចេកវិទ្យា ដែលទំនើបចុងក្រោយរបស់ម៉ាស៊ីន MRI 3 Tesla នាពេលបច្ចុប្បន្ននេះ។

លោក​​ឯកអគ្គរាជទូតថៃ បានបន្ដថា «ការបើកសម្ពោធម៉ាស៊ីន MRI 3 Tesla នេះ បានបង្ហាញឱ្យឃើញនៅក្នុងយុគសម័យថ្មីនៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដ៏ល្អ ព្រមទាំងផ្តល់នូវលទ្ធភាព និងការទទួលបានសុខភាពកាន់តែប្រសើរឡើង ជាពិសេស ការបំពាក់នូវម៉ាស៊ីននេះជាសក្ខីភាពបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់មន្ទីរពេទ្យក្នុងការជំរុញ ការថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់»

ឯកអគ្គរាជទូត ក៏បានកោតសរសើរ ដល់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ស្ថិតក្រោម BDMS ដែលជាបណ្តាញថែទាំសុខភាព របស់ក្រុមហ៊ុនដ៏ធំបំផុតផ្នែកសេវាសុខាភិបាលនៅប្រទេសថៃ ហើយក៏ជាបណ្តាញមន្ទីរពេទ្យឯកជនដ៏ធំបំផុតមួយ របស់អាស៊ីប៉ាស៊ីហ្វិក ដែលបាននាំយកជំនាញវេជ្ជសាស្រ្ដ របស់ប្រទេសថៃកម្រិតខ្ពស់មកប្រទេសកម្ពុជា និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែទាំសុខភាពជូនប្រជាជនកម្ពុជា ក្នុងរយៈពេលជាង១ទសវត្សរ៍កន្លងមក។

ឯកអគ្គរាជទូតថៃ ក៏បានចាត់ទុកមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ មិនត្រឹមតែផ្ដល់ជូន ដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ដែលទទួលបានអត្ថប្រយោជន៍ពីការព្យាបាល និងថែទាំសុខភាពយ៉ាងល្អឥតខ្ចោះរបស់មន្ទីរពេទ្យ ប៉ុន្តែក៏មានប្រជាជនថៃ និងអ្នកជំងឺអន្តរជាតិក្នុងប្រទេសកម្ពុជា ដែលទទួលបានការថែទាំអ្នកជំងឺបានយ៉ាងល្អ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

សូមបញ្ជាក់ថា ម៉ាស៊ីន MRI 3 Tesla ជាម៉ាស៊ីនដែលទំនើបចុងក្រោយគេបង្អស់ ដោយម៉ាស៊ីននេះ ធ្វើឱ្យអ្នកជំងឺមិនចាំបាច់ចំណាយពេលវេលាយូរក្នុងការថតស្កេន ការរង់ចាំ ជាមួយនឹងគុណភាពនៃការថត គឺច្បាស់លាស់។ ចំពោះការប្រើប្រាស់ម៉ាស៊ីន MRI 3 Tesla នេះធ្វើឱ្យវេជ្ជបណ្ឌិតដែលធ្វើរោគវិនិច្ឆ័យ បានច្បាស់លាស់ និងត្រឹមត្រូវ ហើយម៉ាស៊ីន MRI 3 Tesla អាចធ្វើរោគវិនិច្ឆ័យទៅលើជំងឺច្រើនផ្នែក ដូចជាពាក់ព័ន្ធនឹងជំងឺមហារីក, ខួរក្បាល, បេះដូង និងផ្នែកផ្សេងៗទៀត ដែលមានផ្នែកតូចៗនៅក្នុងខ្លួនមនុស្ស។

សម្រាប់ម៉ាស៊ីន MRI 3 Tesla បើធៀបជាមួយម៉ាស៊ីន MRI 1.5 គឺម៉ាស៊ីន MRI 3 Tesla មានកន្លែងថតធំទូលាយ កម្រិតគុណភាពនៃការថតគឺលឿន ច្បាស់ល្អ ហើយធ្វើឱ្យអ្នកជំងឺមានផាសុកភាពល្អ ពេលចូលថតក្នុងម៉ាស៊ីន ដើម្បីធ្វើរោគវិនិច្ឆ័យ ដោយមិនមានការប៉ះពាល់ ឬផលរំខានណាមួយឡើយ៕