(ប៊ែកឡាំង)៖ កីឡាករ Mikel Merino អ្នករកបានគ្រាប់ជ័យជម្នះឱ្យអេស្ប៉ាញយប់មិញ ដើម្បីទម្លាក់ម្ចាស់ផ្ទះអាល្លឺម៉ង់ត្រឹមវគ្គ ៨ក្រុមបាននិយាយថា អេស្ប៉ាញប្រៀបដូចលេងវគ្គផ្តាច់ព្រ័ត្រ Euro 2024 ស្របពេលគ្រូបង្វឹកវិញ លោក Luis de la Fuente បានប្រៀបប្រដូចក្រុមរបស់លោកទៅនឹង «សេះជ័យជម្នះ»។

នេះគឺជាជំនួបរវាងក្រុមខ្លាំងនៅអឺរ៉ុបទាំង២ ដែលពួកគេបានគ្រប់គ្រងពាន Euro បាន ៣លើកស្មើគ្នាច្រើនជាងគេផងដែរ មកទល់នឹងបច្ចុប្បន្ននេះ។

តែយ៉ាងណាក្នុងប្រកួតម៉ោងធម្មតា ៩០នាទី Dani Olmo ដែលលេងបាន ១១២នាទីនៅ Euro 2024 នេះ បានចាកចេញពីកៅអីបម្រុង និងរកបានគ្រាប់បាល់នាំមុខឱ្យគោជល់អេស្ប៉ាញ មុនពេលត្រូវបានប្តូរចេញក្នុងម៉ោងថែម ដែលជំនួសដោយកីឡាករ Merino ក្រោយពេល Florian Wirtz ជាអ្នករកបានគ្រាប់តាមស្មើ ១-១ ឱ្យម្ចាស់ផ្ទះអាល្លឺម៉ង់នៅនាទី៨៩។

តាមរយៈជ័យជម្នះក្នុងម៉ោងថែម ១៥នាទី ២ដងលើក្រុមខ្លាំងឥន្រ្ទីដែកអាល្លឺម៉ង់នេះដែរ នាំឱ្យខ្សែបម្រើដែលត្រូវបានជ្រើសរើសចេញពីក្លិបក្នុងស្រុក Real Sociedad បានលើកឡើងថា «ខ្ញុំពិតជាហត់នឿយខ្លាំងណាស់សម្រាប់ ១ប្រកួតនេះ។ វាជាការប្រកួតតែមួយគត់ដែលគ្រប់គ្នាទន្ទឹងរង់ចាំរវាងក្រុមខ្លាំងលំដាប់ពិភពលោក។ វាប្រៀបដូចជាការប្រកួតផ្តាច់ព្រ័ត្រនៅ World Cup ឬក៏ Euro អីចឹង។ ពួកយើងបានបង្ហាញពីរបៀបដែលពួកយើងធ្លាប់បានឈឺចាប់ មុនពេលក្លាយជាក្រុមដ៏អស្ចារ្យនាពេលនេះ»

តែយ៉ាងណា ពួកគេត្រូវតតាំងជាមួយក្រុមខ្លាំងមាន់គកបារាំង អតីតជើងឯក Euro ២សម័យជាបន្តទៀត នារាត្រីថ្ងៃអង្គារសប្តាហ៍ក្រោយ ក្នុងការប្រជែងកៅអីឡើងវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា)៕