(ភ្នំពេញ)៖ តារាសម្ដែងបែបកំប្លែង លោក Pey Pey Dy បានសម្រេចចិត្តបើកការថតខ្សែភាពយន្តខ្នាតធំរឿង «ភូមិគ្រិះអាគម» ដើម្បីបើកទំព័រផលិតកម្មថ្មីរបស់ខ្លួន មានឈ្មោះថា «Corner Film» ដែលកន្លងមកធ្លាប់តែថតភាពយន្តខ្លីៗ ហើយនេះជាខ្សែភាពយន្តខ្នាតធំ លើកដំបូងរបស់ផលិតកម្ម។ យ៉ាងណាមិញ ការផលិតភាពយន្តដាក់បញ្ចាំង នៅលើទីផ្សារជាលើកដំបូងនេះ តារាកំប្លែង Pey Pey Dy មិនបានគិតពីប្រាក់ចំណេញ ដែលបានមកពីការដាក់បញ្ចាំងឡើយ ពោលគឺដោយសារតែចិត្តស្រឡាញ់វិស័យភាពយន្ត ហើយបើបានចំណេញមែន នឹងយកប្រាក់ចំណេញនោះ ទៅបរិច្ចាគជាសប្បុរសធម៌ជួយដល់សង្គមទៀតផង។

តារាសម្ដែង Pey Pey Dy ដែលបានវិវឌ្ឍន៍ខ្លួនទៅជាផលិតករភាពយន្តទាំងវ័យក្មេងរូបនេះ បានថ្លែងបញ្ជាក់ឲ្យដឹងថា ការផលិតភាពយន្តខ្នាតធំមួយនេះ ក៏ជាការអបអរសាទរ ក្នុងការបើកសម្ពោធផលិតកម្មថ្មីផងដែរ ដែលមហាជន ក៏ចង់ឃើញផលិតកម្មមានស្នាដៃថ្មីនៅលើទីផ្សារភាពយន្ត និងក៏ជាក្ដីស្រមៃតាំងពីយូរមក របស់ផលិតកម្មដែលទស្សនិកជនមួយចំនួន បានស្គាល់រួចមកហើយ តាមរយៈវីដេអូបែបភ័យរន្ធត់ខ្លីៗ។ លោកសង្កត់ធ្ងន់ថា កន្លងមកយើងហាក់បីដូចជាមិនទាន់មានសមត្ថភាព ក្នុងការផលិតភាពន្តខ្នាតធំ ដាក់បញ្ចាំងលើទីផ្សារ ប៉ុន្តែពេលនេះយើងមានលទ្ធភាព និងមានឱកាសចង់បង្ហាញពីស្នាដៃ និងសមត្ថភាព ជាពិសេសគុណភាពនៃសាច់រឿង ឲ្យមហាជនបានឃើញ និងស្គាល់។

Pey Pey Dy បានបង្ហាញទៀតថា ភាពយន្តថ្មីលើកដំបូងរបស់ផលិតកម្មមានចំណងជើងថា «ភូមិគ្រិះអាគម» ដែលបានបង្ហាញអំពីមន្តអាគមអូមអាមរបស់ខ្មែរ ភ័យរន្ធត់ កំប្លុកកំប្លែងបែបសប្បាយៗ ដែលបង្ហាញពីបុរសម្នាក់ចង់បានប្រពន្ធច្រើន ហើយយកមន្តអាគមគាថាទៅទាក់ទាញនារីៗឲ្យលង់ស្រឡាញ់ខ្លួន រហូតបង្កើតបានជាភាពរន្ធត់ភ័យខ្លាច ព្រលឹងចងពារ និងភាពភ័យរន្ធត់ជាច្រើនទៀត នៅក្នុងឈុតឆាកនីមួយៗ។ លោកបន្តថា ភាពយន្តនេះគឺជាស្នាដៃនិពន្ធដោយលោក នូ ឧសភា ដែលទទួលបានការគាំទ្រខ្លាំង ពីមហាជននាពេលកន្លងមក លើស្នាដៃនិពន្ធជាច្រើនរបស់លោក។

តារាកំប្លែង Pey Pey Dy បានបញ្ជាក់ថា លោកសុំមិនបញ្ចេញចំពោះទំហំដើមទុន ក្នុងការផលិតភាពយន្តខ្នាតធំនេះឲ្យបានដឹងឡើយ ប៉ុន្តែលោកបង្ហើបថា ក៏មិនអស់តិចដែរ។ លោកបានអះអាងទៀតថា ក្រុមរបស់លោកដែលផលិតរឿងនេះឡើង មិនរំពឹងលើប្រាក់ចំណេញបានមកពីការដាក់បញ្ចាំងឡើយ។ ប៉ុន្តែបើបានចំណេញមែន លោកនឹងបង្វែថវិកានេះជា២ផ្នែក ដោយមួយផ្នែកលោកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមួយផ្នែកទៀត ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ លោកបានបន្ថែមថា គម្រោងនេះគឺមិនមែនតែរូបលោកម្នាក់ឯងនោះទេ ដូច្នេះយើងបានពិភាក្សាគ្នាបានរួចរាល់ហើយ។

ខ្សែភាពយន្តខ្នាតធំរឿង «ភូមិគ្រិះអាគម» មានការចូលរួមសម្ដែងដោយលោកប្រុសខួច ជាតួឯកប្រុស និងកញ្ញា វី ឌីណែត ជាតួឯកស្រី ក្នុងនោះក៏មានតារាសម្ដែងជើងចាស់ គឺអ្នកនាង ស្វែង សុជាតា ចូលរួមសម្ដែងផងដែរ។ ភាពយន្តនេះ នឹងប្រើរយៈពេលចេញថតជិតកន្លះខែ ដោយមានចំនួន ៤ទីតាំងធំៗ ក្នុងនោះមាននៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តនានា ដែលសមស្របនឹងបរិយាកាសនៃសាច់រឿង៕