(បរទេស)៖ ក្រុមហ៊ុន Tesla បានដាក់បង្ហាញរថយន្តជំនាន់ថ្មីរបស់ខ្លួន គឺ Model 3 ជាមួយដំណើរការដោយប្រព័ន្ធ New rear-wheel-drive ឬ Drive 110 ។ ប្រព័ន្ធនេះទៀតសោទ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា ផ្តោតទៅលើសមត្ថភាពបើកបរដ៏មានប្រសិទ្ធិភាព ជាមួយតម្លៃសមរម្យ សម្រាប់អតិថិជនក្នុងប្រទេសសិង្ហបុរីផ្ទាល់។ នេះបើយោងតាមការចេញផ្សាយដោយសារគេហទំព័រព័ត៌មាន Gizmo China.

សម្រាប់រថយន្តម៉ូដែលថ្មីនេះ គឺត្រូវបាន Tesla ប្រកាសចេញលក់ក្នុងតម្លៃ ៦៩,៣០០ ដុល្លារសិង្ហបុរី ឬស្មើនឹង ៥១,០០០ដុល្លារអាមេរិកនៅក្នុងប្រទេសសិង្ហបុរី ដែលនេះជាតម្លៃមួយសមរម្យ បើប្រៀបធៀបនឹង Model 3 RWD ស្តង់ដារដែលចេញមុន។ សម្រាប់ Tesla Model 3 RWD ថ្មីនេះ មានសមត្ថភាពទាបជាងម៉ូដែលស្តង់ដារបន្តិច ដោយម៉ូដែលថ្មីនេះបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីដែលមានកំលាំងសរុប ១១០kW និងអាចជាន់ស្ទុះវាត់កុងទ័រល្បឿនពី ០ទៅ១០០ km/h ចាយពេលខ្ទង់ ៨.៦ វិនាទី ធៀបនឹងម៉ូដែលមុន គឺធ្វើបានត្រឹម ៦.១ វិនាទី។ 

គួរជម្រាបថា សម្រាប់ប្រព័ន្ធ Drive 110 ឬ New rear-wheel-drive សម្រាប់រថយន្ត Tesla Model 3 នេះគឺត្រូវបានគ្រប់គ្រងដោយប្រព័ន្ធកម្មសិទ្ធិរថយន្តរបស់ប្រទេសសិង្ហបុរី ដូចនេះ គឺតម្រូវឲ្យមានការដេញថ្លៃសម្រាប់វិញ្ញាបនបត្រកម្មសិទ្ធិ ហៅថា «COE» ជាមុនសិនមុនធ្វើការបញ្ជាទិញរថយន្តថ្មីនេះ៕