(ម៉ាឡេស៊ី)៖ សហព័ន្ធកីឡាបាល់ទាត់តំបន់អាស៊ាន ASEAN Football Federation បានចេញសេចក្តីប្រកាសថា ក្នុងការប្រកួតតំបន់អាស៊ាននាពេលខាងមុខ និងអនុវត្តបច្ចេកវិទ្យាជំនួយការអជ្ញាកណ្តាល Video Assistant Referee (VAR) ។ នេះបើយោងតាមប្រភពពី AFF បានឱ្យដឹងនាពេលថ្មីៗ នេះ ។

យោងតាមការប្រកាសនេះ គឺបន្ទាប់ពីបានដាក់ប្រើប្រព័ន្ធ VAR ដោយជោគជ័យក្នុងការប្រកួតជើងឯកយុវជនអាស៊ានអាយុក្រោម ១៦ឆ្នាំ ដែលទើបនឹងបានបញ្ចប់ ហើយក្រុមយុវជនអូស្ត្រាលី ក្លាយជាម្ចាសជើងឯកក្នុងឆ្នាំ២០២៤ និងមានឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះរៀបចំការប្រកួត។

សូមជម្រាបថា AFF គ្រោងនិងដាក់បន្តនៅការប្រើប្រាស់ប្រព័ន្ធ VAR នៅក្នុងការប្រកួតផ្សេងទៀតនៅពេលខាងមុខ ដែលនិងចាប់ផ្តើមនៅក្នុងព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ាន U19 គ្រោងចាប់ផ្តើមលេងពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដានេះ ហើយបន្ទាប់ទៀត គឺនៅពានរង្វាន់ ASEAN Club Championship Shopee Cup 2024-25 ជាមួយពេលវេលាប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ និងការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 នៅចន្លោះពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ។

លោក ខៀវ សាម៉េត ប្រធាន សហព័ន្ធកីឡាបាល់ទាត់តំបន់អាស៊ាន ASEAN Football Federation បានលើកឡើងថា « AFF មានការជឿជាក់ថា VAR បានកំពុងផ្លាស់ប្តូរកែទម្រង់វិស័យបាល់ទាត់ និងបានក្លាយជាផ្នែកមួយដ៏សំខាន់ ហើយនឹងលើកកម្ពស់ឱ្យមានការប្រកួតប្រជែងទៅមុខមួយកម្រិតទៀត» ។

លោកបន្តថា «ការប្រើប្រាស់បច្ចេកវិទ្យានេះនៅក្នុងការប្រកួត ASEAN Boys' U16 Championship នៅទីក្រុង Solo ប្រទេសឥណ្ឌូនេស៊ី គឺស្របតាមការគ្រោងទុក និងកិច្ចខិតខំប្រឹងប្រែងរបស់ AFF ដើម្បីលើកកម្ពស់ការប្រកួតរបស់យើង រួមទាំងការផ្តល់ការគាំទ្រដ៏ល្អបំផុតសម្រាប់អាជ្ញាកណ្តាល ដើម្បីឱ្យពួកគេធ្វើភាពត្រឹមត្រូវ សមស្រប។ ការសម្រេចចិត្ត»

ប្រធាន AFF បន្ថែមទៀតថា «ខ្ញុំសូមសម្ដែងនូវការកោតសរសើរពីក្រុមប្រឹក្សា AFF ដោយថ្លែងអំណរគុណចំពោះ FIFA, AFC, លោក Erick Thohir និងសហការីរបស់គាត់នៅក្នុងសហព័ន្ធឥណ្ឌូណេស៊ី សម្រាប់ជំនួយដ៏ធំធេងដែលបានបង្ហាញក្នុងការអនុវត្ត VAR ក្នុងព្រឹត្តិការណ៍ ASEAN U16 Boys' Championship 2024»។

«លើសពីនេះ ខ្ញុំសូមអរគុណដល់ក្រុមការងារ VAR ដែលដឹកនាំដោយលោក Viphet Sihachakr អគ្គលេខាធិការ AFF លោក Winston Lee ព្រមទាំងលោក Rodzali Yacob និងក្រុមអាជ្ញាកណ្តាលសម្រាប់ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកគេក្នុងអំឡុងពេលដំណើរការអនុវត្ត» ។ ប្រធាន AFF បានបន្ថែម ៕