(បរទេស)៖ ក្រុមខ្លាំងប្រចាំទ្វីបអឺរ៉ុបមានដូចជា បច្ចខែលព័រទុយហ្គាល់ និងជាពិសេសឥន្រ្ទីដែកអាល្លឺម៉ង់តែម្តង ត្រូវរង់ចាំ ៤ឆ្នាំទៅមុខទៀត ក្នុងការប្រជែងពានជើងឯកប្រចាំតំបន់មួយនេះ ពោលគឺ Euro 2028 ដែលមាន ៥ប្រទេសនឹងធ្វើម្ចាស់ផ្ទះរួមគ្នា និងឆ្នាំ២០៣២ មានអ៊ីតាលី និងតួកគី ធ្វើរួមគ្នា។

ទាំងព័រទុយហ្គាល់ និងម្ចាស់ផ្ទះអាល្លឺម៉ង់ បានហាលអាវត្រឹម ៨ក្រុមដូចគ្នានៅ Euro 2024 បន្ទាប់ពីចាញ់គូប្រកួតប្រកបដោយភាពតានតឹងបំផុតនាយប់មិញនេះ និងត្រូវរង់ចាំ ៤ឆ្នាំទៀតដែរ ក្នុងការវិលមកលេងម្តងទៀត ក្នុងនាមជាក្រុមជើងឯក ១លើកកាលឆ្នាំ២០១៦ នៅប្រទេសបារាំង សម្រាប់ព័រទុយហ្គាល់ គ្រាដែលអាល្លឺម៉ង់ អតីតជើងឯកពាន ៤ឆ្នាំមានម្តងនេះ ៣សម័យកាលផងដែរ និងឈ្នះចុងក្រោយកាលឆ្នាំ១៩៩៦ នៅពេលអង់គ្លេសធ្វើម្ចាស់ផ្ទះ។

Euro 2028 ជំនាន់ទី១៨ នឹងមានដល់ទៅ ៥ប្រទេសសហការគ្នារៀបចំព្រឹត្តិការណ៍នេះដោយរួមមាន អង់គ្លេស អៀរឡង់ខាងជើង សាធារណរដ្ឋអៀរឡង់ ស្កុតឡេន និងប្រទេសវ៉េល ដ្បិតមានតែ ២ក្រុមប៉ុណ្ណោះគឺ អង់គ្លេស និងស្កុតឡេន ដែលបានឈានដល់ជុំចុងក្រោយ វគ្គចែកពូល ២៤ក្រុមលើកទី១៧ នៅអាល្លឺម៉ង់។

គួរបញ្ជាក់ផងថា នេះក៏ជាលើកទី២ ផងដែរដែលកម្មវិធី Euro ត្រូវបានរៀបចំនៅច្រើនប្រទេសធ្វើសហម្ចាស់ផ្ទះ ក្រោយពេល Euro 2020 ដែលត្រូវបានពន្យារពេល ១ឆ្នាំ លើកមករៀបចំនៅឆ្នាំ២០២១ វិញ ដោយសារវិបត្តិកូវីដ-១៩។ គ្រានោះមានដល់ទៅ ១១ប្រទេសនៅជុំវិញទ្វីបអឺរ៉ុប បានរួមគ្នាធ្វើម្ចាស់ផ្ទះ ស្របពេលផ្តាច់ព្រ័ត្រធ្វើនៅទីក្រុង London ក្នុងកីឡដ្ឋាន Wembley ជាទីដែលតោកំណាចអង់គ្លេសបានត្រឹមរងជើងឯក ក្រោយចាញ់អ៊ីតាលី ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៣-១៕