(ឡុងដ៍)៖ ក្លិបបាល់ទាត់ញញួរធំ West Ham United បានសម្រេចនូវការចុះហត្ថលេខា ជាមួយប្រធានក្រុមក្លិប Wolves កីឡាករ Max Kilman ក្នុងតម្លៃផ្ទេរ ៤០លានផោន លើកិច្ចសន្យារយៈពេល ៧ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤។

ខ្សែការពាររូបនេះ បានជួបជុំគ្នាវិញ ជាមួយអ្នកចាត់ការក្លិប West Ham លោក Julen Lopetegui ដែលលោកធ្លាប់ធ្វើជាគ្រូបង្គោល នៅឯក្លិប Wolves។

Wolves បានច្រានចោលការបើកដេញថ្លៃរបស់ West Ham ក្នុងតម្លៃ ២៥លានផោន ប៉ុន្តែក្រោយមកបានទទួលយកវិញ ក្រោយការផ្តល់តម្លៃបន្ថែម សម្រាប់កីឡាកររូបនេះ ដែលពួកគេបានចុះកិច្ចសន្យា នាំមកពីក្លិប Maidenhead ក្នុងតម្លៃ ៤០,០០០ផោនកាលពីឆ្នាំ២០១៨។

សូមជម្រាបថា Kilman បានបង្ហាញខ្លួន ១៥១លើក សម្រាប់ Wolves ដោយរកបាន ៣គ្រាប់ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងកាលពីខែឧសភា ឆ្នាំ២០១៩៕