(ភ្នំពេញ)៖ និយាយដល់ឈ្មោះ Gumball​ 3000 អ្នកស្រឡាញ់ ចូលចិត្តឡានទំនើបៗបែប Supercar, Hyper Carនិងឡានដែលមានតម្លៃវាល់លានដុល្លារប្រាកដជាបានស្គាល់ពី Gumball 3000 នេះហើយ។ Gumball 3000 គឺជាព្រឹត្តិការណ៍ប្រមូលផ្ដុំនូវរថយន្តទំនើបៗ និងបុគ្គលមានឥទ្ធិពលជាច្រើនរូប ដែលធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ គ្រប់ទ្វីបជុំវិញពិភពលោក។

កាន់តែអស្ចារ្យ និងមិនធ្លាប់មានសម្រាប់ប្រជាជនកម្ពុជាដែលស្នេហាព្រឹត្តិការណ៍នេះ ដោយ​ Gumball 3000 បានធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុន ជីប ម៉ុង ដើម្បីស្នើសុំធ្វើជាដៃគូសហការក្នុងការរៀបចំមហាព្រឹត្តិការណ៍ Gumball 3000នៅកម្ពុជា ក្នុងដំណើរយុទ្ធនាការរបស់ខ្លួននៅអាស៊ីអាគ្នេយ៍។

Gumball 3000 នៅកម្ពុជានេះ នឹងរៀបចំនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន ដោយមានការដាក់តាំងបង្ហាញរថយន្ត Supercar, Superstar និង Hyper Car របស់​​ Gumball និង​ Rev Up Cambodia ជាច្រើនរយគ្រឿង អមជាមួយការប្រគំតន្ត្រីខ្នាតយក្សទៀតផង។ រាល់សកម្មភាព និងព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជាទាំងអស់ ត្រូវបានសម្របសម្រួល និងរៀបចំឡើងដោយក្រុមហ៊ុនយក្ស ជីប ម៉ុង ក៏ដូចជាទទួលបានការគាំទ្រពីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។​ 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង គឺជាក្រុមហ៊ុនយក្សតែមួយគត់នៅកម្ពុជា ដែល Gumball 3000 បានធ្វើការទំនាក់ទំនងមកដើម្បីធ្វើកិច្ចសហការ និងរៀបចំមហាព្រឹត្តិការណ៍នេះ។​ ព្រោះតែភាពល្បីល្បាញជាច្រើនទសវត្សនៃក្រុមហ៊ុន ជីប ម៉ុង ថាជាក្រុមហ៊ុនលំដាប់ពិភពលោកមួយនៅអាស៊ី ជាក្រុមហ៊ុនដែលវិនិយោគទៅលើវិស័យធំៗជាច្រើន និងមានដៃគូពាណិជ្ជកម្មជាច្រើននៅលើពិភពលោកផងនោះ ហេតុដូច្នេះហើយទើប Gumball 3000 មានទំនុកចិត្ត និងស្នើរសុំជាដៃគូសហការក្នុងការសម្របសម្រួល និងរៀបចំមហាព្រឹត្តិការណ៍ដ៏អស្ចារ្យ មិនធ្លាប់មានពីមុនមកនេះឡើងនៅកម្ពុជា។

ក្នុងភាពជាដៃគូការសហការរៀបចំមហាព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជានេះ ក្រុមហ៊ុ ជីប ម៉ុង ក៏ដូចជាក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជានឹងអនុញ្ញាតឱ្យទស្សនិកជនទាំងអស់ ចូលរួមទស្សនាកម្សាន្តសេរី ដោយឥតគិតថ្លៃ៕