(វ៉ាស៊ីនតោន)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរ៉ូហ្គាយ បានទម្លាក់ជើងខ្លាំង សាំបាប្រេស៊ីល ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីត្រឹមវគ្គ ៨ក្រុមនៃព្រឹត្តិការណ៍ជើងឯកប្រចាំតំបន់អាមេរិកឡាទីន CONMEBOL Copa America 2024 ដែលមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះ។

តាមរយៈជ័យជម្នះនាព្រឹកថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) ពួកគេនឹងត្រូវប៉ះគូប្រជែងមកពីតំបន់អាមេរិកខាងត្បូងដូចគ្នាគឺ កូឡុំប៊ី ដែលបានបំបាក់ប៉ាណាម៉ា ៥ទល់នឹង០ ពីក្នុងវគ្គ ១/៤ នេះដូចគ្នា។

ក្នុងការប្រកួត ៩០នាទីពេញ ក្រុមមកពីតំបន់ខាងត្បូងតែមួយ បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ និងឈានដល់ការទាត់ប៉េណាល់ទីកាត់សេចក្តីតែម្តង ដោយពុំមានថែម ១៥នាទី ២ដងនោះទេ ក្រោយពេលគូអាហ្សង់ទីន យកឈ្នះអេក្វាទ័រ និងកាណាដា ឈ្នះវេណេហ្សូអេឡា សុទ្ធតែមកដល់វគ្គប៉េណាល់ទីនេះដូចគ្នា។

ជាលទ្ធផល អ៊ុយរ៉ូហ្គាយ អតីតជើងឯក Copa America ១៥សម័យកាលច្រើនជាងគេស្មើនឹងអាហ្សង់ទីនដែរនោះ បានទាត់ចូល ៤គ្រាប់ នៅពេលគូប្រជែងប្រេស៊ីល អតីតជើងឯក Copa កាលឆ្នាំ២០១៩ ទាត់ចូលតែ ២គ្រាប់ប៉ុណ្ណោះ។

គួរបញ្ជាក់ផងថា សម្រាប់ ៤ក្រុមដែលបានឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន Copa America 2024 គឺមាន ៣ក្រុមមកពីតំបន់អាមេរិកឡាទីនរួមមាន កូឡុំប៊ី អ៊ុយរ៉ូហ្គាយ និងក្រុមការពារតំណែងជើងឯកអាហ្សង់ទីន ស្របពេលមានតែកាណាដា មួយគត់ស្ថិតនៅតំបន់អាមេរិកខាងជើង ក្នុងចំណោម ១៦ក្រុមលេងនៅអាមេរិកលើកនេះ។ អាហ្សង់ទីន ប៉ះកាណាដា ប្រកួតថ្ងៃទី១០ ខែកក្កដា មុន ១ថ្ងៃ កូឡុំប៊ីជួបអ៊ុយរ៉ូហ្គាយ នាថ្ងៃទី១១ នៃខែដដែល ឆ្នាំ២០២៤៕