(មេនឆេស្ទើ)៖ ខ្សែបម្រើ Donny van de Beek របស់ក្លិបបិសាចក្រហម Manchester United កាន់តែប្រកៀកក្នុងការផ្ទេរទៅលេងនៅអេស្ប៉ាញ Girona ជាក្លិបដែលមានកៅអីលេងពានអឺរ៉ុប UEFA Champions League នារដូវកាលក្រោយនោះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា Van de Beek បានផ្ទេរពីក្លិប Ajax របស់ហូឡង់មកលេងនៅទឹកដី Old Trafford ក្នុងតម្លៃ ៣៥លានផោននាអំឡុងខែកញ្ញា ឆ្នាំ២០២០ ដែលមិនត្រូវបានដាក់ឱ្យចូលលេងជាប់លាប់នោះទេ។

ក្រោយមកកីឡាករអន្តរជាតិហូឡង់រូបនេះ ត្រូវបានបញ្ជូនទៅលេងខ្ចីជើងនៅក្លិបរួម Premier League គឺស្ករគ្រាប់ Everton ពាក់កណ្តាលរដូវ មុនត្រូវផ្ទេរបន្តទៅលេងនៅក្លិប Eintracht Frankfurt នារដូវកាលឆ្នាំ២០២៣-២០២៤។

Girona ដែលបានបញ្ចប់ក្នុងតំណែងលេខ៣ នៅលីគ La Liga រដូវកាលមុន ដោយទទួលបានកៅអី១ ដើម្បីលេងវគ្គចែកពូល UCL ដោយស្វ័យប្រវត្តិផងនោះ ត្រូវបានគេរាយការណ៍ថា បានចំណាយទឹកប្រាក់ប្រមាណ ១៦.៩លានផោន រួមបញ្ចូលទាំងតម្លៃទិញផ្តាច់កិច្ចសន្យាផងនោះ ដែលភាគីក្លិបទាំងពីរ បានជួយពិភាក្សាគ្នារួចរាល់ហើយទៀតផង៕