(កណ្តាល)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ​នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាតំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និហិរញ្ញវត្ថុ បានចូលរួមជាអធិបតីពិធីបិទការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ «ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន» និងផ្តល់រង្វាន់ជ័យលាភីជូនដល់ក្រុមកីឡា។

ពិធីនេះបានប្រព្រឹត្តទៅនៅទីលានបាល់ទាត់នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្ដាល។ ពិធីបិទការប្រកួតកីឡានេះមានការចូលរួមពីក្រុមការងារចលនាយុវជនថ្នាក់កណ្ដាល ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក សសយក ក្រុមប្រឹក្សាឃុំ គណៈកម្មការរៀបចំការប្រកួត អាជ្ញាកណ្តាល ប្រតិភូដឹកនាំកីឡាករ និងក្រុមកីឡាប្រមាណ៥០០នាក់។

ព្រឹត្តិការណ៍ប្រកួតកីឡាប្រចាំឆ្នាំនេះ បានចាប់ផ្តើមប្រកួតពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ហើយត្រូវបានបិទបញ្ចប់នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ដោយមានក្រុមកីឡាចូលរួមប្រកួតចំនួន១២ក្រុម និងមានកីឡាករចំនួន៣០០នាក់ ដែលជាយុវជនមកពីឃុំទាំង១២ នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបានប្រព្រឹត្តទៅដោយមានការចូលរួមយ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយយ៉ាងក្រៃលែង។

ការរៀបចំកម្មវិធីប្រកួតកីឡាជារៀងរាល់ឆ្នាំនេះ គឺក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យកីឡានៅក្នុងស្រុកខ្សាច់កណ្ដាលឱ្យមានការីកចម្រើន ផ្តល់ឱកាសឱ្យយុវជនក្នុងមូលដ្ឋានបានជួបជុំស្គាល់គ្នាក្នុងការចងភ្ជាប់មិត្តភាព សាមគ្គីភាព និងជាពិសេសបំផុសស្មារតីយុវជនឱ្យចូលចិត្តលេងកីឡា ពីព្រោះ ការលេងកីឡានាំមកនូវសុខភាពល្អ ជួយដល់យុវជនចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងអំពើអបាយមុខគ្រប់ប្រភេទ។

ក្នុងពិធីបិទនេះដែរ ក៏មានការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមជ័យលាភីលេខ១ និងលេខ២ រវាងក្រុមកីឡាយុវជនឃុំវិហារសួគ៌ និងក្រុមកីឡាយុវជនឃុំពុកឫស្សី ដែលលទ្ធផលបានទៅលើក្រុមកីឡាយុវជនឃុំពុកឫស្សី គឺ១ ទល់នឹង ០។

ចំពោះលទ្ធផលនៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៤នេះគឺ៖ ជ័យលាភីលេខ១ បានទៅលើក្រុមកីឡាយុវជនឃុំពុកឫស្សី, ជ័យលាភីលេខ២ បានទៅលើក្រុមកីឡាយុវជនឃុំវិហារសួគ៌ និងជ័យលាភីលេខ៣ បានទៅលើក្រុមកីឡាយុវជនឃុំកោះចូរ៉ាម។

លោកបណ្ឌិត កៅ ថាច បានថ្លែងនូវការអបអរសាទរ និងកោតសរសើរចំពោះគណៈកម្មការ អាជ្ញាកណ្តាល អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ប្អូនៗយុវជនជាកីឡាករទាំងអស់ ដែលបានសហការរៀបចំកម្មវិធីប្រកួតកីឡាបាល់ទាត់នេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពសប្បាយរីករាយ ស្របនឹងពាក្យ «កីឡារស់ក្នុងសន្តិភាព»។

លោកបណ្ឌិត កៅ ថាច បានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជូនចំពោះប្អូនៗយុវជនជាកីឡាករទាំងអស់ ដោយអគ្គបណ្ឌិតសភាចារ្យ តែងគិតគូរអំពីសុខទុក្ខ ជីវភាព និងការសិក្សារៀនសូត្ររបស់ប្អូនៗយុវជនទាំងអស់។

លោកបណ្ឌិត កៅ ថាច បានផ្តល់ជាអនុសាសន៍ដល់ប្អូនៗយុវជនឱ្យបន្តលេងកីឡាឱ្យបានគ្រប់ៗគ្នា ពីព្រោះកីឡានាំមកនូវសុខភាពល្អ កាយសម្បទាមាំមួន ជាពិសេសធ្វើឱ្យយុវជនបានចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់ប្រភេទ ហើយក្រៅពីបាល់ទាត់ គឺមានកីឡាជាច្រើនប្រភេទទៀត ដែលប្អូនៗអាចជ្រើសរើសលេងបាន។ នៅក្នុងស្រុកខ្សាច់កណ្តាលនេះអគ្គបណ្ឌិតសភាចារ្យ បានបង្កើតឱ្យមានក្លឹបការ៉ាតេដូ ចំនួន២ ក្លិប គឺក្លិបការ៉ាតេមុនីឋាបនា ស្រុកខ្សាច់កណ្តាល និងក្លិបការ៉ាតេ រ៉ូតា ខ្សាច់កណ្តាល ដើម្បីឱ្យប្អូនៗយុវជនបានសិក្សាហាត់ជាប្រចាំ។

បន្ថែមលើនេះ លោកបណ្ឌិត កៅ ថាច ក៏បានអំពាវនាវដល់ប្អូនៗយុវជន ឱ្យចូលរួមដាំដើមឈើនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ពិសេសការឡើងកំដៅ និងដើម្បីឱ្យមូលដ្ឋានមានភាពខៀវស្រង៉ាត់ និងបានលើកទឹកចិត្តដល់ប្អូនៗយុវជនឱ្យខិតខំសិក្សារៀនសូត្រ ពិសេសមុខជំនាញបច្ចេកទេសកសិកម្ម ដែលនឹងជួយដល់យុវជន ក្នុងការបង្កើតមុខរបរអាជីវកម្មដោយខ្លួនឯងបាន ហើយក្នុងករណីខ្វះទុន គឺអាចខ្ចីឥណទានពីធនាគារ ARDB បាន។

លោកបណ្ឌិត កៅ ថាច តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់រង្វាន់ជ័យលាភីជូនដល់ក្រុមកីឡា ដែលក្នុងនោះ៖

*ជ័យលាភីលេខ១ ទទួលបានពាន១ មេដាយមាស ២៥គ្រឿង និងថវិកាឧបត្ថម្ភសរុបចំនួន ១១លានរៀល។
*ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់ ២៥គ្រឿង និងថវិកាឧបត្ថម្ភសរុបចំនួន ៥លានរៀល
*ជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធិ ២៥គ្រឿង និងថវិកាឧបត្ថម្ភចំនួន ៣លានរៀល
*ជ័យលាភីលេខ៤ ទទួលបានថវិកាឧបត្ថម្ភចំនួន ១លានរៀល
*ក្រុមមិនទទួលបានជ័យលាភី, ក្នុង១ក្រុមៗ ទទួលបានថវិកាឧបត្ថម្ភលើកទឹកចិត្តចំនួន ៥០ម៉ឺនរៀល៕