(ភ្នំពេញ)៖ ជាទូទៅកូនដែលជាអនីតិជនត្រូវបានបីបាច់ថែរក្សារូបរាងកាយ និងគ្រប់គ្រងដោយអ្នកដែលមានអំណាចមេបា ដោយនៅក្នុងនោះរួមមានទ្រព្យសម្បត្តិរបស់កូនផងដែរ ។ ជាធម្មតា កូនដែលជាអនីតិជន ពុំមានទ្រព្យសម្បត្តិច្រើននោះទេ ដែលទ្រព្យសម្បត្តិមួយចំនួនបានកើតឡើងតាមរយៈសន្តតិកម្ម ប្រទានកម្ម សំណងនៃការខូចខាត ឬប្រាក់ដែលកើតចេញពីការធានារ៉ាប់រងជាអាទិ៍ ។

ម្យ៉ាងទៀត កូនដែលជាអនីតិជននោះ ពុំមានសកម្មភាពពេញលេញក្នុងការគ្រប់គ្រង ឬថែរក្សាទ្រព្យសម្បត្តិដោយខ្លួនឯងបាននោះទេ ហេតុដូច្នេះទើបច្បាប់បានកំណត់អំពីអ្នកដែលមានអំណាចមេបា ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ និងតំណាងឱ្យកូននោះ ។

ដូចនេះដើម្បីយល់ឱ្យកាន់តែច្បាស់ថា តើអ្នកដែលមានអំណាចមេបា មានសិទ្ធិ និងករណីយកិច្ចក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ និងក្នុងការតំណាងឱ្យកូនដូចម្តេចខ្លះ សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី សិទ្ធិអំណាចគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូន មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ឱ្យបានជ្រាបកាន់តែច្បាស់ដូចតទៅ។

យោងតាមមាត្រា ១០៥៣ នៃក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «អ្នកមានអំណាចមេបា មានសិទ្ធិ និងករណីយកិច្ចក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូន និងក្នុងការតំណាងឱ្យកូននោះ ចំពោះសកម្មភាពដែលទាក់ទងទៅនឹងទ្រព្យសម្បត្តិនោះ ។ ប៉ុន្តែបើសកម្មភាពរបស់អ្នកមានអំណាចមេបា បង្កើតកាតព្វកិច្ច ដែលមានកម្មវត្ថុជាសកម្មភាពរបស់កូននោះ អ្នកមានអំណាចមេបាន ត្រូវទទួលការយល់ព្រមពីកូននោះ»។ ហេតុនេះមានន័យថា អ្នកមានអំណាចមេបាអាចធ្វើសកម្មភាពគតិយុត្តនានា ដើម្បីផ្តល់ជាផលប្រយោជន៍ដល់កូន រួមទាំងការចុះកិច្ចសន្យា ការគ្រប់គ្រង ការថែរក្សា និងចាត់ចែងទ្រព្យសម្បត្តិផងដែរ ។

តែទោះបីជាឪពុកម្តាយមានអំណាចមេបា មានសិទ្ធិក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូនក៏ពិតមែន ប៉ុន្តែអ្នកមានអំណាចមេបាត្រូវគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូនដោយប្រុងប្រយ័ត្ន ក្នុងនាមជាអ្នកគ្រប់គ្រងដោយសុចរិត ដូចនេះអ្នកមានអំណាចមេបា មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ឬយកទ្រព្យសម្បត្តិរបស់កូន ធ្វើជាកម្មសិទ្ធិរបស់ខ្លួន សម្រាប់ផលប្រយោជន៍របស់ខ្លួនឡើយ ។ ម្យ៉ាងទៀត ក្នុងករណីដែលឪពុកម្តាយ គឺជាអ្នកមានអំណាចមេបារួមគ្នា ប្រសិនបើឪពុក ឬម្តាយណាម្នាក់ មានឆន្ទៈផ្ទុយគ្នាពាក់ព័ន្ធនឹងសកម្មភាពណាមួយ ជំនួសកូនដោយសុចរិតភាព នោះត្រូវចាត់ទុកសកម្មភានោះមានអានុភាព និងពុំត្រូវបានរារាំងឡើយ ។

លើសពីនេះទៅទៀត ប្រសិនបើតតិយជនបានធ្វើប្រទានកម្មទៅឱ្យកូនជាអនីតិជន និងបង្ហាញឆន្ទៈមិនអនុវត្តអំណាចមេបាក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិទេនោះ ទ្រព្យសម្បត្តិនោះពុំស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកមានអំណាចមេបាឡើយ ។ ក្នុងករណីនេះ ទោះបីតតិយជនមានឆន្ទៈយ៉ាងនេះក្តី ក៏អនីតិជនមិនអាចគ្រប់គ្រងទ្រព្យសម្បត្តិដោយខ្លួនឯងបាន ដូច្នេះតតិយជនត្រូវកំណត់អ្នកអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិ ឬអនុវត្តតាមរយៈអំណាចតុលាការក្នុងការអាចជ្រើសតាំងអ្នកអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិ តាមការទាមទាររបស់កូន ញាតិក្នុង ៤ (បួន) ថ្នាក់ របស់កូន ឬតំណាងអយ្យការ ។ ការជ្រើសតាំងរបស់តុលាការ ត្រូវយកមកអនុវត្តដូចគ្នាដែរ នៅក្នុងករណីដែលសិទ្ធិអំណាចរបស់អ្នកអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិនោះបានរលត់ ឬមានការចាំបាច់ត្រូវផ្លាស់ប្តូរអ្នកនោះ តែតតិយជននោះមិនបានកំណត់អ្នកអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិផ្សេងទៀត ។

បន្ទាប់មក ក្រោយពីកូនក្លាយជានីតិជន នោះអំណាចមេបាក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូន ក៏ត្រូវបានបញ្ចប់ផងដែរ ដូច្នេះអ្នកមានអំណាចមេបា ត្រូវគណនាចំណូលចំណាយក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ ក្នុងករណីមានការលក់នូវអចលនទ្រព្យរបស់កូន ក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវធ្វើការផ្ទេរការគ្រប់គ្រងនូវទ្រព្យសម្បត្តិរបស់កូនទាំងអស់ទៅឱ្យកូនវិញ ។ ដោយឡែក ច្បាប់ក៏បានប្បញ្ញត្តិផងដែរថា សោហ៊ុយចំណាយរបស់អ្នកមានអំណាចមេបា ត្រូវបានទូទាត់ជាមួយនឹងផលចំណូលពីទ្រព្យសម្បត្តិរបស់កូននោះ ក្នុងអំឡុងពេលការអនុវត្តអំណាចមេបាក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ និងការចិញ្ចឹមបីបាច់កូន ប៉ុន្តែទោះជាយ៉ាងនេះក្តី ការចិញ្ចឹមបីបាច់កូន គឺជាករណីយកិច្ចរបស់ឪពុកម្តាយ ហេតុនេះពុំសមហេតុផលក្នុងការឱ្យកូនបង់សោហ៊ុយទាំងនោះទេ ផ្ទុយទៅវិញអ្នកមានអំណាចមេបា អាចអាស្រ័យផលទ្រព្យសម្បត្តិរបស់កូនបានតាមរយៈថ្លៃឈ្នួលនៃអចលនទ្រព្យ ដោយមិនចាំបាច់ប្រគល់ឱ្យកូននៅពេលមាននីតិភាពទេ។ 

ម្យ៉ាងទៀត ក្នុងករណីដែលអ្នកមានអំណាចមេបាបានចាត់ចែងទ្រព្យសម្បត្តិរបស់កូន ដូចនេះនៅពេលដែលកូនមាននីតិភាព អ្នកមានអំណាចមេបា ត្រូវប្រគល់ចំណូលដែលទទួលបាន ប្រគល់ឱ្យកូននោះ ប៉ុន្តែប្រសិនបើអ្នកមានអំណាចមេបា ពុំបានអនុវត្តសិទ្ធិនោះទេ កូនមានសិទ្ធិទាមទារឱ្យអ្នកមានអំណាចមេបាប្រគល់ប្រាក់នោះ នៅក្នុងអំឡុងពេល ៣ (បី) ឆ្នាំ គិតចាប់ពីពេលដែលសិទ្ធិអំណាចនៃការអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិបានរលត់ និងត្រូវបានអនុវត្តដូចគ្នាក្នុងករណីសិទ្ធិអំណាចក្នុងការគ្រប់គ្រងត្រូវបានរលត់ មុនពេលកូនពុំទាន់ក្លាយជានីតិជន ដោយគិតចាប់ពីពេលដែលកូននោះ ក្លាយជានីតិជន ឬពេលដែលមានអ្នកមានអំណាចមេបាថ្មី ។

បន្ថែមពីនេះ ទោះបីជាអ្នកមានអំណាចមេបាបានរលត់ដោយអាជ្ញាយុកាល ឬត្រូវផ្លាស់ប្តូរក៏ដោយ ក៏អ្នកមានអំណាចមេបាត្រូវបន្តគ្រប់គ្រងទ្រព្យសម្បត្តិនោះ រហូតដល់កូន ឬអ្នកមានអំណាចមេបាថ្មីអាចមានលទ្ធភាពចាប់ផ្តើមគ្រប់គ្រងទ្រព្យសម្បត្តិនោះបាន បើមិនដូច្នេះ ទ្រព្យនឹងស្ថិតនៅក្នុងហានិភ័យ និងអាចបណ្តាលឱ្យខូចផលប្រយោជន៍របស់កូនថែមទៀតផង ។

សរុបសេចក្តីមក អ្នកមានអំណាចមេបាមានសិទ្ធិអំណាច និងករណីយកិច្ចយ៉ាងពេញលេញ ក្នុងការធ្វើសកម្មភាពដែលទាក់ទងនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូន និងពុំមានការរារាំងពីសំ ណាញ់ច្បាប់ឡើយ ។ ប៉ុន្តែអ្នកមានអំណាចមេបា ត្រូវគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូនដោយប្រុងប្រយ័ត្ន មិនគៃបន្លំ និងដោយស្មោះត្រង់ បើពុំដូច្នេះទេ ដើម្បីការពារផលប្រយោជន៍របស់កូន អ្នកមានអំណាចមេបាអាចត្រូវបានព្យួរ ឬដកហូតសិទ្ធិអំណាចនៃការគ្រប់គ្រងទ្រព្យសម្បត្តិបាន ។

រៀបរៀងដោយ៖ លោកស្រីមេធាវី នូ ពិសី និងកញ្ញា ម៉េង សៀវយី ជាជំនួយការមធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕