(អាល្លឺម៉ង់)៖ ពេលនេះការប្រកួតដណ្តើមពានរង្វាន់ជើងឯកតំបន់អឺរ៉ុប European Championship 2024 ដែលមានប្រទេសអាល្លឺម៉ង់ ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតជំនាន់ទី១៧ បានឈានដល់វគ្គ ៤ក្រុមជាផ្លូវការហើយ ដោយក្នុងនោះអង់គ្លេស ជាក្រុមតែ ១គត់ដែលមិនទាន់បានស្គាល់ការឈ្នះពាននេះ ខណៈ ៣ក្រុមមានអេស្ប៉ាញ ហូឡង់ និងបារាំង សុទ្ធតែធ្លាប់បានស្គាល់រសជាតិពាននេះរួចទៅហើយ។

ក្រុមតោកំណាចអង់គ្លេស ធ្លាប់ស្គាល់តែការរងជើងឯក ១លើកកាលឆ្នាំ២០២០ ក្រោយចាញ់ក្រុមអ៉ីតាលី ខណៈដែលក្នុងចំណោម ៣ក្រុមផ្សេងទៀត នៃការឈានមកដល់ ៤ក្រុមរដូវកាល២០២៤ នេះមានតែក្រុមអេស្ប៉ាញ ធ្លាប់ឈ្នះដល់ទៅ ៣លើកច្រើនជាងគេ និងក្រុមបារាំង ធ្លាប់ធ្វើបាន ២លើកនៅឆ្នាំ១៩៨៤ និងឆ្នាំ២០០០ ហើយហូឡង់វិញធ្លាប់ឈ្នះ ១លើកនៅឆ្នាំ១៩៨៨។

សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro2024 នេះ គឺអេស្ប៉ាញ ប៉ះក្រុមបារាំង នៅថ្ងៃទី១០ ខែកក្កដា នាវេលាម៉ោង ២៖០០នាទីយប់រំលងអាធ្រាត្រ នាកីឡដ្ឋាន Allianz Arena ហើយជំនួបរវាងក្រុមអង់គ្លេស ប៉ះហូឡង់ នឹងធ្វើឡើងនៅវេលាម៉ោងដូចគ្នានាយប់រំលងអាធ្រាត្រថ្ងៃទី១១ ខែដដែលនៅកីឡដ្ឋាន Signal Iduna Park (ម៉ោងនៅកម្ពុជា)។

សូមជម្រាបផងថា គិតមកដល់ពេលនេះគ្រាប់បាល់ផ្លូវការកើនដល់ ១០៨គ្រាប់ ក្រោយបញ្ចប់ការប្រកួតវគ្គ ៨ក្រុម ខណៈមានកីឡាករដល់ទៅ ៤នាក់ កំពុងមាន ៣គ្រាប់ស្មើគ្នាក្នុងនោះមានកីឡាករ Georges Mikautadze, Jamal Musiala, Cody Gakpo និង Ivan Schranz ឈរតំណែងអ្នកស៊ុតបានច្រើនជាងគេ ពេលដែលកីឡាករ Cody Gakpo មានឱកាសច្រើនក្នុងការឈ្នះស្បែកជើងមាស ក៏ព្រោះក្រុមបានឈានដល់វគ្គ ៤ក្រុមចុងក្រោយ ស្របពេល ៣នាក់ផ្សេងទៀត ក្រុមរបស់ពួកគេបានហាលអាវអស់ហើយរួមមាន ហ្ស៊កហ្ស៊ី ស្លូវ៉ាគី និងម្ចាស់ផ្ទះអាល្លឺម៉ង់ជាដើម៕