(បរទេស)៖ ក្រសួងផែនការ និងវិនិយោគរបស់ប្រទេសវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ត្រូវបានចេញផ្សាយដោយ Reuters ថាប្រទេសវៀតណាមបានបាត់បង់ឱកាសដើម្បីទាក់ទាញការវិនិយោគដែលមានតម្លៃរាប់ពាន់លានដុល្លារ ដោយក្រុមហ៊ុនពហុជាតិដូចជា Intel និង LG Chem ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះខ្វះការលើកទឹកចិត្តក្នុងការវិនិយោគ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤។

តាមការបញ្ជាក់របស់ក្រសួងនៅក្នុងឯកសារចុះថ្ងៃទី២៩ ខែមិថុនាថា ក្រុមហ៊ុន Intel បានស្នើសុំបណ្តាក់ទុនចំនួន ៣.៣ ពាន់លានដុល្លារនៅក្នុងគម្រោងផលិតបន្ទះឈីបមួយនៅក្នុងប្រទេសវៀតណាម ហើយបានស្នើសុំឱ្យប្រទេសនេះ «ជំនួយជាសាច់ប្រាក់» ចំនួន ១៥ភាគរយ ប៉ុន្តែក្រោយមកបានសម្រេចចិត្តផ្លាស់ប្តូរគម្រោងនេះទៅប្រទេសប៉ូឡូញ។

ក្រុមហ៊ុន LG Chem ក៏បានរំលងវៀតណាមក្នុងការវិនិយោគលើគម្រោងផលិតថាមពលថ្មផងដែរ បន្ទាប់ពីបានស្នើសុំឱ្យវៀតណាមគ្របដណ្តប់ ៣០ភាគរយនៃតម្លៃវិនិយោគ។ ផ្ទុយទៅវិញក្រុមហ៊ុន LG Chem បានសម្រេចជ្រើសរើសវិនិយោគនៅប្រទេសឥណ្ឌូនេស៊ីជំនួសវិញ។

ឯកសាររបស់ក្រសួងផែនការ និងវិនិយោគបានបញ្ជាក់ថា «ក្រុមហ៊ុនធំៗជាច្រើនបានមកស្វែងរកឱកាសវិនិយោគនៅវៀតណាម ប៉ុន្តែក្រោយមកបានសម្រេចចិត្តផ្លាស់ទៅប្រទេសផ្សេងទៀត ទាំងនេះក៏ដោយសារតែវៀតណាមខ្វះបទប្បញ្ញត្តិស្តីពីការគាំទ្រការវិនិយោគ»