(ម៉ូនិច)៖ ក្រុមខ្លារខិន Bayern Munich បានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយខ្សែបម្រើស្លាបសញ្ជាតិបារាំង Michael Olise បន្ទាប់ពីទិញបានពីក្លិបអង់គ្លេស Crystal Palace ក្នុងតម្លៃ ៥០លានផោន។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

កីឡាករវ័យ ២២ឆ្នាំដែលបានកើតនៅអង់គ្លេសខាងលើ បានបង្ហាញខ្លួនជាមួយ Crystal បាន ៩០លើកគ្រប់កម្មវិធីប្រកួតក្នុងចំណោម ៣រដូវកាលកន្លងមក ដ្បិតរដូវកាលមុនបានចូលលេងត្រឹមតែពាក់កណ្តាលរដូវកាលប៉ុណ្ណោះ ដោយសាររបួសសរសៃពួរ។

នៅចាំបានថា អតីតកីឡាករលេងក្នុងតំណែងប្រយុទ្ធនៅ U-21 របស់បារាំង Olise បានចូលរួមជាមួយ Crystal Palace សមាជិកលេងនៅ Premier League ដោយផ្ទេរចេញពីក្លិប Reading ក្នុងតម្លៃត្រឹមតែ ៨លានផោនតែប៉ុណ្ណោះកាលខែកក្កដា ឆ្នាំ២០២១។

Olise នឹងបង្ហាញក្នុងលីគកំពូល Bundesliga របស់អាល្លឺម៉ង់ជាមួយ Bayern Munich ដោយស្ថិតក្រោមការបង្វឹករបស់គ្រូថ្មីផងដែរគឺលោក Vincent Kompany ស្របពេលកន្លងមក ក្លិបធំៗនៅអង់គ្លេស Chelsea និង Newcastle United ក៏មានការចាប់អារម្មណ៍ទៅលើ Michael Olise នេះផងដែរ៕