(សៅប៉ូឡូ)៖ អតីតខ្សែបម្រើលំដាប់កំពូលរបស់ក្លិប FC Barcelona និង Bayern Munich កីឡាករ Thiago Alcantara បានប្រកាសព្យួរស្បែកជើងដ៏គួរឱ្យភ្ញាក់ផ្អើលត្រឹមវ័យ ៣៣ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Forbes នៅថ្ងៃនេះ។

Alcantara បានសម្រេចចិត្តចូលនិវត្តន៍ពីកីឡាករអាជីព បន្ទាប់ពីធ្វើការសញ្ជឹងគិត ២-៣ខែមកនេះ ក្នុងនាមជាកីឡាករ ដែលបានចាប់កំណើតនៅប្រទេសអ៊ីតាលី ដែលមានឪពុកម្តាយជាជនជាតិប្រេស៊ីល ដ្បិតឪពុករបស់លោក Mazinho អតីតកីឡាករល្បី ១រូបដែលបានរួមចំណែកជួយសាំបាប្រេស៊ីល ឈ្នះជើងឯក World Cup 1994 នៅសហរដ្ឋអាមេរិក ដែរ។

Alcantara ជាអតីតកីឡាករយុវជនចេញពីក្លិប Flamengo ស្ថិតក្នុងទីក្រុង Rio de Janeiro ពីចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០០៥ មុនផ្ទេរចេញទៅលេងនៅទឹកដីអឺរ៉ុបក្នុងក្លិបអ្នកមានបុណ្យ Barcelona នៃប្រទេសអេស្ប៉ាញ។

Alcantara បានឈ្នះពានរង្វាន់អឺរ៉ុប UEFA Champions League ជាលើកទី២ ក្នុងអាជីពបាល់ទាត់របស់គេកាលឆ្នាំ២០២០ ជាមួយ Bayern នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ និងជាសមាជិកសំខាន់ផងដែរក្នុងជំនួបដែល Bayern បានបំបាក់ក្លិបចាស់របស់គេ Barcelona ក្នុងលទ្ធផល ៨-២ ពីក្នុងវគ្គ ៨ក្រុមចុងក្រោយ មុនពេលផ្លាស់ចេញ ទៅលេងនៅអង់គ្លេស ក្នុងក្លិបហង្សក្រហម Liverpool៕