(បរទេស)៖ មិនមែនជារឿងចម្លែកនោះទេ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដំណើរការនៅសហភាពអឺរ៉ុប ដែលតម្រូវឲ្យមានការត្រួតពិនិត្យឲ្យបានល្អិតល្អន់ ក្នុងន័យតម្រូវទៅតាមច្បាប់សេវាកម្មឌីជីថលរបស់ប្លុកមួយនេះ ត្បិតនៅថ្ងៃសុក្រសប្តាហ៍នេះ គណៈកម្មការអឺរ៉ុប បានស្នើសុំក្រុមហ៊ុនលក់ទំនិញអនឡាញយក្សអាមេរិក Amazon ឲ្យផ្តល់ព័ត៌មានបន្ថែមអំពីវិធានការនានា ដែលក្រុមហ៊ុនមួយនេះបានអនុវត្តនាពេលបច្ចុប្បន្ន ដើម្បីឲ្យស្របតាមកាតព្វកិច្ចនៃច្បាប់សេវាកម្មឌីជីថល (DSA) របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤។

សហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្រុមហ៊ុន Amazon ត្រូវបានស្នើសុំឱ្យផ្តល់ព័ត៌មានលម្អិត ស្តីពីការអនុលោមតាមបទប្បញ្ញត្តិរបស់ខ្លួនទាក់ទងនឹងតម្លាភាពនៃប្រព័ន្ធអាជីវកម្ម។ ក្រុមហ៊ុន Amazon ត្រូវតែផ្តល់ព័ត៌មានទាំងនោះ ឲ្យបានរឹមថ្ងៃទី២៦ ខែកក្កដាខាងមុខ»។

ងាកមក Amazon បានអះអាងថា ខ្លួនកំពុងពិនិត្យមើលសំណើរបស់ EU។ អ្នកនាំពាក្យរបស់ Amazon បាននិយាយថា «យើងកំពុងពិនិត្យមើលសំណើនេះ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការអឺរ៉ុប។ Amazon ច្បាស់ណាស់នឹងចែករំលែកព័ត៌មាន ទៅកាន់គណៈកម្មការអឺរ៉ុប ដើម្បីបង្កើតបរិយាកាសទិញទំនិញដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្ត។ យើងគិតថា បញ្ហានេះមានសារៈសំខាន់ណាស់ សម្រាប់អ្នកចូលរួមទាំងអស់នៅក្នុងឧស្សាហកម្មលក់រាយ ហើយយើងបណ្តាក់ទុនយ៉ាងសំខាន់ក្នុងការការពារហាងរបស់យើងពីតួអង្គអាក្រក់ មាតិកាខុសច្បាប់ និងក្នុងការបង្កើតបទពិសោធន៍ទិញទំនិញដែលគួរឱ្យទុកចិត្ត»។

គួរជម្រាបថា ច្បាប់សេវកម្មឌីជីថលរបស់សហភាពអឺរ៉ុប គឺតម្រូវឱ្យក្រុមហ៊ុន Big Tech ទាំងនោះផ្តល់ព័ត៌មានបន្ថែមពីដំណើរការរបស់ខ្លួន ដើម្បីដោះស្រាយខ្លឹមសារខុសច្បាប់នានា និងបង្កគ្រោះថ្នាក់នៅលើវេទិការបស់ពួកគេ៕