(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំម៉ាឡេស៊ី បានណាត់ក្រុមជម្រើសជាតិ U19 កម្ពុជា ធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំនាចុងសប្ដាហ៍នេះ មុនចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boys’ Championship) ឆ្នាំ២០២៤ រៀងៗខ្លួននៅប្រទេសឥណ្ឌូនេស៊ី។

លោក ភា សុភ័ក្ត្រា គ្រូបង្គោលក្រុមជម្រើសជាតិ U19 កម្ពុជា បានឲ្យដឹងថា បន្ទាប់ពីធ្វើការប្រមូលផ្ដុំហ្វឹកហាត់កីឡាករក្នុងបញ្ជី ២៣នាក់ចុងក្រោយ ក្រុមគោព្រៃជំទង់កម្ពុជា នឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីនាថ្ងៃទី០៩ ខែកក្កដាស្អែកនេះ ដើម្បីហ្វឹកហាត់ និងត្រៀមការប្រកួតមិត្តភាព ២លើកជាមួយក្រុម U19 ម៉ាឡេស៊ី តបតាមការអញ្ជើញរបស់សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី។

លោកបានចាត់ទុកការប្រកួតនេះ គឺជាឱកាសល្អ និងផលចំណេញមួយសម្រាប់ក្រុមជម្រើសជាតិ U19 កម្ពុជា ក្នុងការរៀបចំក្រុម និងត្រៀមខ្លួនបានកាន់តែប្រសើរ មុនការប្រកួតផ្លូវការមកដល់។ ដូច្នេះក្រោយហ្វឹកហាត់ និងការប្រកួតមិត្តភាពនៅចន្លោះថ្ងៃទី០៩-១៤ ខែកក្កដា ក្រុមយុវជន U19 កម្ពុជា នឹងបន្ដដំណើរទៅប្រទេសឥណ្ឌូនេស៊ីតែម្ដង នៅថ្ងៃទី១៥ ខែកក្កដា ដើម្បីចូលរួមការប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024 ចាប់ពីថ្ងៃទី១៧-២៩ ខែកក្កដាខាងមុខ។

គួរដឹងថា បេសកកម្មចូលរួមប្រកួតពានរង្វាន់យុវជនជើងឯកអាស៊ីអាគ្នេយ៍នេះ U19 កម្ពុជា ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ី ទីម័រខាងកើត និងហ្វីលីពីន។ រីឯពូល B វិញមានក្រុម U19 ឡាវ វៀតណាម មីយ៉ាន់ម៉ា និងអូស្រ្តាលី ខណៈក្រុម U19 ម៉ាឡេស៊ី គឺស្ថិតក្នុងពូល C ជាមួយថៃ សិង្ហបុរី និងប្រ៊ុយណេ៕