(ឥណ្ឌា)៖ ពិតជាអស្ចារ្យខ្លាំងណាស់! វិស័យបវរកញ្ញាកម្ពុជា មិនអាចមើលរំលងដូចមុនទៀតឡើយ ក្រោយពីយុវតី លី មួយលាង ដែលជា «Miss Teen Cambodia» តំណាងឲ្យប្រទេសកម្ពុជា បានឈ្នះការប្រកួតប្រជែងយ៉ាងស្វិតស្វាញ គ្រងមកុដ «Miss Teen International 2024» នៅប្រទេសឥណ្ឌា កាលពីរាត្រីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤យប់មិញនេះ បន្ទាប់ពីផ្ទួលបេក្ខភាពឆ្នើមៗជាច្រើនរូប មកពីជុំវិញពិភពលោក។

យុវតី លី មួយលាង គឺជាបវរកញ្ញាខ្មែរដំបូងគេបំផុត ដែលបានឈ្នះមកុដ ក្នុងកម្មវិធីប្រកួតដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។ កម្មវិធីនេះមានអ្នកចូលរួមប្រកួតរហូតដល់ទៅ ២៨ប្រទេស និងមានអ្នក Followers ក្នុង instagram និង Facebook រហូតដល់ជាង ១០០K នៅជុំវិញពិភពលោក។ ការឈ្នះមកុដលំដាប់ពិភពលោកមួយនេះ ពិតជាធ្វើឲ្យប្រជាជនខ្មែរសាទរជាខ្លាំង ដោយពួកគេនិយាយថា កម្ពុជាមិនអាចមើលរំលងបានទៀតទេ លើវិស័យបវរកញ្ញា ជាពិសេសគឺបវរកញ្ញាក្មេងៗរបស់កម្ពុជាតែម្ដង ដែលពោរពេញដោយសមត្ថភាព គួរឲ្យកោតសរសើរ។

ស្រីស្អាត លី មួយលាង ដែលជា Miss Teen Cambodia ត្រូវបានអ្នកគាំទ្រមើលឃើញថា ពិតជាធ្វើបានល្អមែនទែន ក្នុងកម្មវិធីប្រកួតថ្នាក់ពិភពលោក Miss Teen International 2024 នៅឥណ្ឌា។ ជាពិសេសនៅយប់ថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ២០២៤ លី មួយលាង ដែលយុវតីវ័យក្មេង និងពោរពេញដោយសមត្ថភាពរបស់កម្ពុជា បានជាប់ក្នុងចំណោមបេក្ខភាពឆ្នើម ១០នាក់ចុងក្រោយ ដើម្បីបន្តដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។ ទីបំផុតនាងបានឈ្នះ គ្រងមកុដ Miss Teen International 2024 នៅប្រទេសឥណ្ឌា គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីផ្ទួលបេក្ខភាពឆ្នើមៗទាំង២៨ប្រទេស មកពីជុំវិញពិភពលោក។

សូមបញ្ជាក់ថា យុវត្តី លី មួយលាង Miss Teen International Cambodia 2023 មិនត្រឹមតែអាចនិយាយភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញប៉ុណ្ណោះទេ នាងថែមទាំងកំពុងសិក្សាភាសាចិនបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពខាងភាសា ឲ្យកាន់តែខ្លាំងក្លាឡើង។ បណ្ដាអ្នកគាំទ្រកម្ពុជា បានសម្ដែងការអបអរសាទរយ៉ាងខ្លាំង ដល់យុវតី លី មួយលាង ដែលទទួលបានជោគជ័យក្នុងការដណ្តើមមកុដ «Miss Teen International 2024» នៅប្រទេសឥណ្ឌានៅពេលនេះ៕