(ភ្នំពេញ)៖ ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានបញ្ចប់ការប្រកួត នៃព្រឹត្តិការណ៍ ASIAN Regional Championship Southeast Asia ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដោយជោគជ័យ ជាមួយការដណ្ដើមបានមេដាយសរុប ២១គ្រឿង រួមមានមេដាយមាស ៩ ប្រាក់ ៤ និងសំរឹទ្ធ ៨គ្រឿង ។

ការប្រកួតនេះ បានធ្វើឡើងកាលពីថ្ងៃទី០៦-០៧ ខែកក្កដា ឆ្នាំ២០២៤ ដោយមានប្រតិភូ និងអត្តពលិកចូលរួមសរុប ៤១២នាក់(កីឡាករ-កីឡាការិនី ២៥៨នាក់) មកពី ៦ប្រទេសចូលរួម ខណៈកម្ពុជា បានបញ្ជូនក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជាចំនួន ១២នាក់ ចូលរួមប្រកួត ដែលដឹកនាំដោយគ្រូបង្វឹក ២រូប គឺលោក Jasper Martijn PAAS និងលោក សំអុន បូរមី ។

ជាមួយសមិទ្ធផលដ៏ត្រចះត្រចង់ខាងលើ លោក ថោង បញ្ញាធន អនុប្រធានសហព័ន្ធជឺជីតស៊ូកម្ពុជា បានបង្ហាញមោទនភាពជាខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមកីឡាជឺជីតស៊ូកម្ពុជា រហូតអាចសម្រេចបាននូវមេដាយដ៏ច្រើនជូនជាតិ ពីការប្រកួតកម្រិតខ្ពស់មួយក្នុងតំបន់ ដែលមានអត្តពលិកកម្រិតខ្ពស់ជាច្រើនចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នេះ ។

លោកថា «យើងមានមោទនភាពយ៉ាងខ្លាំងចំពោះក្រុមរបស់យើង។ សមត្ថភាពនៃការបង្ហាញរបស់ពួកគេក្នុងការបង្ហាញ និងឈានដល់ការទទួលមេដាយជូនជាតិម្តងហើយម្តងទៀត ក្នុងចំណោមអត្តពលិកកម្រិតខ្ពស់បំផុតក្នុងតំបន់ ដែលនេះគឺពិតជាសមិទ្ធិផលដ៏ឆ្នើម និងឆ្លុះបញ្ចាំងពីការលះបង់ និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការហ្វឹកហាត់»

ទន្ទឹមជាមួយការដណ្ដើមបានមេដាយរហូតដល់ ២១គ្រឿងនេះដែរ ក្នុងនាមសហព័ន្ធ និងតំណាងអត្តពលិក ក៏បានថ្លែងអំណរគុណវិទ្យាស្ថានខេមអេដ និងសមាគមកីឡាជឺជីតស៊ូ មជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា ដែលបានឧបត្ថម្ភគាំទ្រ និងបញ្ជូនអត្តពលិករបស់ខ្លួន ចូលរួមប្រកួត ព្រមទាំងដៃគូសហការផ្សេងទៀត ដែលនាំឲ្យក្រុមកីឡាជឺជីតស៊ូ បានចូលរួមប្រកួតដោយរលូន និងទទួលបានជោគជ័យ ៕