(ភ្នំពេញ)៖ សមាជិកក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា យ៉ុន យ៉ើន បានក្លាយជាកីឡាការិនីដំបូងគេ ដែលត្រូវបានក្លិបបរទេសចាប់អារម្មណ៍ និងនាំយកទៅជួយក្រុមខ្លួន គឺក្លិប Young Elephants FC នៃប្រទេសឡាវ ដែលបានខ្ចីជើងខ្សែប្រយុទ្ធក្លិបណាហ្គាវើលដ៏រូបនេះ ដើម្បីជួយក្រុមក្នុងការប្រកួតជម្រុះបឋមនៃពានរង្វាន់ AFC Women's Club Championship Preliminary Stage ចាប់ពីថ្ងៃទី២៥-៣១ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។

មុនចាកចេញពីមាតុភូមិឆ្ពោះទៅក្លិបថ្មី ដើម្បីប្រកបអាជីពក្រៅស្រុកលើកដំបូង យ៉ុន យ៉ើន បានសម្ដែងក្ដីរីករាយរហូតលាយឡំទឹកភ្នែក បន្ទាប់ពីកញ្ញារៀបរាប់ពីប្រវត្តិតស៊ូ ដែលបានជម្នះនូវឧបសគ្គជាច្រើនទាំងក្រុមគ្រួសារ និងអ្នកភូមិ ទម្រាំអាចមានឱកាសចេញទៅលេងឲ្យក្លិបបរទេស ដែលខ្លួនមិនធ្លាប់ស្រម៉ៃតាំងពីចាប់ផ្ដើមអាជីពដំបូងនេះ។

កីឡាការិនីវ័យ ២៤ឆ្នាំរូបនេះបានរំឮកថា នាងបានចាប់អារម្មណ៍ និងចាប់ផ្ដើមលេងបាល់ទាត់តាំងពីអាយុ ៩ឆ្នាំ តែការស្រលាញ់មួយនេះមិនទទួលបានការគាំទ្រពីឪពុកម្ដាយនោះទេ សូម្បីអ្នកភូមិក៏ដូច្នោះដែរ។ តែព្រោះការស្រលាញ់ យ៉ុន យ៉ើន បានជម្នះការរារាំងរបស់ឪពុកម្ដាយ ដោយមានការជំរុញពីគ្រូបង្វឹកម្នាក់ឈ្មោះ ម៉ី សុជាតិ ដែលនាងហៅថា ប៉ា បានលើកទឹកចិត្ត ទាំងការសិក្សា និងលេងកីឡា នាំឲ្យនាងមានឱកាអភិវឌ្ឍន៍ខ្លួន ពីការលេងកម្រិតសិស្សដល់ថ្នាក់ខេត្ត រហូតដល់ថ្នាក់ជាតិ មុនមានឱកាសលេងឲ្យក្លិបក្រៅប្រទេសពេលនេះ។

យ៉ុន យ៉ើន បានបញ្ជាក់ថា «សម្រាប់អាជីពបាល់ទាត់ តាំងពីខ្ញុំចាប់ផ្ដើមលេងដំបូង ខ្ញុំអត់នឹកស្មានដល់ថា ខ្ញុំឈានដល់ដំណាក់កាលនេះទេ (ចេញទៅលេងឲ្យក្លិបក្រៅស្រុក គឺក្លិប Young Elephants FC)។ នៅពេលយើងលេងៗទៅ គ្រូគាត់ចេះតែបង្ហាត់ និងព្យាយាមជំរុញខ្ញុំលេងពានផ្សេងៗ ហើយចាប់ផ្ដើមពីថ្នាក់ខេត្ត ដល់ក្លិប ទើបខ្ញុំដឹងថា បាល់ទាត់មិនមែនលេងត្រឹមតាមសាលា ឬតាមខេត្តទេ គឺអាចផ្ដល់ឱកាសឲ្យយើងចូលរួមក្នុងប្រទេស និងក្រៅប្រទេសផ្សេងៗទៀត ជាក់ស្ដែងខ្ញុំមិននឹកស្មានថា មកដល់ចំណុចនេះទេ»

កីឡាការិនីរកបាន ២គ្រាប់ ឲ្យក្រុមបាល់ទាត់នារីកម្ពុជាឈ្នះឡាវ ២-០ កាលពីស៊ីហ្គេម ឆ្នាំ២០២៣ រូបនេះបានបន្ថែមថា សមិទ្ធផលផ្ដើមចេញពីការជម្នះ និងការតស៊ូគ្រប់សព្វបែបយ៉ាងរបស់នាង មិនត្រឹមតែជួយឲ្យគ្រួសារមានជីវភាពប្រសើរជាងមុននោះទេ តែថែមទាំងបានផ្លាស់ប្ដូរការគិតអវិជ្ជមានរបស់ឪពុក-ម្ដាយ និងអ្នកភូមិរវាងស្រ្ដី និងកីឡាថែមទៀត ជាក់ស្ដែង យ៉ុន យ៉ើន ត្រូវបានចាត់ទុកជាកីឡាការិនីគំរូមួយក្នុងគ្រួសារ និងក្នុងភូមិ ដោយបានជំរុញឲ្យមានសកម្មភាពកីឡាក្នុងសហគមន៍របស់នាងមានភាពផុសផុលទៀតផង។

គួរដឹងថា យ៉ុន យ៉ើន បានកើតក្នុងគ្រួសារកសិករក្រីក្រមួយ ស្ថិតនៅភូមិថ្នល់ទទឹង ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ នាងបានចាប់ផ្ដើមលេងបាល់ទាត់ត្រឹមវ័យ ៩ឆ្នាំ។ ប៉ុន្ដែដោយសារជីវភាពគ្រួសារខ្វះខាត នាងមិនលេងជាប់លាប់នោះទេ សូម្បីការរៀនសូត្រ ក៏បានផ្អាកការសិក្សា ២-៣ឆ្នាំផងដែរ ទម្រាំអាចបញ្ចប់ការសិក្សាថ្នាក់ទី១២។ ចំពោះបាល់ទាត់ ផ្ដើមចេញពីការជំរុញ លើកទឹកចិត្ត និងជួយទំនុកបម្រុងពីលោក ម៉ី សុជាតិ ដែលត្រូវបាន យ៉ុន យ៉ើន ចាត់ទុកជាឪពុកទី២ ទើបនាំឲ្យនាងមានការអភិវឌ្ឍខ្លួនមកទល់បច្ចុប្បន្ន៕